ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូ ស្វែងយល់និងពិនិត្យ​ដោយផ្ទាល់លើការងារ​អន្តោ​ប្រវេសន៍​ សន្តិសុខ​សាយ​ប័រ និងការប្រឆាំង​កម្មវិធីមេរោគ!

(ភ្នំពេញ)៖បន្ទាប់ពីបន្តដំណើរពីទីក្រុងមែលប៊ន មកដល់ទីក្រុងកង់បេរ៉ា ដោយមានការទទួល​ស្វា​គម​ន៍​និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីស្ថានឯកអគ្គរាជទូតព្រះរា​ជាណា​ចក្រ​កម្ពុជា ប្រ​ចាំប្រទេស​អូស្ត្រាលី នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯ​កឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងម​ហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគ​ណៈប្រ​តិភូ​ចូល​រួមស្ដាប់បទបង្ហាញដោយមន្រ្តី និងអ្នកជំនាញអូស្ត្រាលី ព្រមទាំងចុះពិនិត្យនិងស្វែង​យ​ល់​ដោយផ្ទាល់​អំពីការអនុវត្តការងារអន្តោប្រវេសន៍។

ផ្ដើមមុន​គេ គឺកិច្ចជំនួបពិភាក្សា និងស្ដាប់ការធ្វើបទបង្ហាញស្ដីពីកម្មវិធីអន្តោប្រវេសន៍ ជាមួយភាគី​អូស្ត្រា​លី ដឹកនាំដោយលោក Damien Kilner នាយកគ្រប់គ្រងស្ដីទី នៃក្រុមប្រតិ​បត្តិការអន្តោ​ប្រ​វេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃអូស្ត្រាលី ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និង​កំណែទម្រង់កម្មវិធីទិដ្ឋាការនៃប្រទេសអូស្ត្រាលី សុចរិតភាព និងអនុលោមភាពទិដ្ឋាការ និងការវិ​និ​យោគ​លើវិស័យធុរកិច្ច និងទេសន្តរប្រវេសន៍របស់និយោជិតជំនាញ។

បន្ទាប់មក គឺកិច្ចជំនួបពិ​ភាក្សា និងស្ដាប់ការធ្វើបទបង្ហាញស្តីពីគោលនយោបាយបច្ចេកវិទ្យា។ នៅទី​ស្ដីការក្រសួងមហា​ផ្ទៃអូស្រ្តាលី ដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានបន្តផ្លាស់ប្ដូរយោបល់ និងស្វែងយល់អំពីយុទ្ធសាស្ត្រ និងផែន​ការសកម្ម​ភាពស្តីពីសន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងកម្មវិធីមេរោគ (Ransomware) ជាមួយភា​គីអូស្ត្រាលី ដឹកនាំដោយលោក Brendan Dowling ឯកអគ្គរដ្ឋទូត ទទួលបន្ទុកកិច្ចការសាយប័រ និងប​ច្ចេកវិទ្យា។

ក្រោយបញ្ចប់ជំនួប និងស្ដាប់បទបង្ហាញ គណៈប្រតិភូបន្ត ទស្សនកិច្ចសិ​ក្សាមន្ទីរពិសោ​ធន៍ប្រ​ព័ន្ធ​ច្រក​ទ្វារវៃឆ្លាតរ​បស់កម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី ដោយមានការទទួលស្វាគមន៍ និងធ្វើបទ​បង្ហាញ​ដោយផ្ទាល់ពី​តំណាងក្រុមការងារ និងក្រុមប្រតិបត្តិការនៃកម្លាំងត្រួតពិនិត្យព្រំដែន។ ទស្សន​កិច្ចនេះ បានផ្តោត​លើបទពិសោធ និងការគិតគូរអំពីអភិក្រមច្រកទ្វារវៃឆ្លាត នៃប្រទេសអូស្ត្រាលី ដំ​ណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ការបង្ហាញកម្មវិធីសាកល្បងច្រកទ្វារវៃឆ្លាតជំនាន់ទី៣ និង​កម្ម​វិធីប្រព័ន្ធស្វ័​យប្រវត្តិកម្ម។

គួរកត់សម្គាល់ថា ក្នុងការងារអន្តោប្រវេសន៍ អូស្ត្រាលី បាននឹងកំពុងបន្តផ្ដ​ល់ជំនួយក្រសួងម​ហាផ្ទៃក​ម្ពុជា ទាំងផ្នែកសម្ភារៈ និងគម្រោងបច្ចេកទេស និងការកសាង​សមត្ថភាពមន្រ្តីលើ​ជំនាញវិភាគឯ​សារធ្វើដំណើរ វិភាគព័ត៌មាន បច្ចេកទេសប្រៀបធៀបមុខមាត់ ជំនាញស៊ើបអង្កេត សួរចម្លើយ វាយតម្លៃអ្នកដំណើរ និងភាសាអង់គ្លេស។ ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាថ្ងៃម្សិ​លមិញ រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានបញ្ជាក់ពីការបន្តគាំទ្រ ពិសេសលើ​ជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button