អាវុធហត្ថបញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណីឆ្លងដែនខុសច្បាប់, ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងតាព្រហ្ម ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនជាតិថៃម្នាក់ ឈ្មោះ កាតានយូ ហាសាន់ ហៅបែង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុងថេប ប្រទេសថៃ។ ក្នុងប្រតិបត្តិការនោះកម្លាំងចាប់យកវត្ថុតាងរួមមាន៖ –គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០៣កញ្ចប់ធំ និង០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកIPhone 13Pro Max ពណ៌ផ្ទៃមេឃ, IPhone 7Plus ពណ៌ខ្មៅ), ប្រាក់ថៃចំនួន១០,០០០បាត (មួយម៉ឺនបាត), សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃចំនួន០១សន្លឹក, ប័ណ្ណបើកបរ (ថៃ) ចំនួន០១សន្លឹក។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា–ថៃ រហូតដល់ចំណុចរោងតាព្រហ្ម កម្លាំងបានប្រទះឃើញជនសង្ស័យស្ពាយកាបូបពណ៌ខ្មៅចំនួន០១ បានលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនហើយធ្វើការត្រួតពិនិត្យឆែកឆេរលើខ្លួនឃើញមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតា មីន) ចំនួន ០៣កញ្ចប់ធំ និង ០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម (ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ)។ បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ និងដកហូតវត្ថុតាងហៀយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆ្លងដែនខុសច្បាប់ ព្រមទាំងដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕