សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម ថ្វាយ ហ្លួងម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា
(ប៉ៃលិន) នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានរៀបចំប្រារព្ធ ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៨ យាងចូល ៨៩ព្រះវស្សា ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ស.ស.យ.ក.ខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ។
នាឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុង គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបង្គំទូលថ្វាយ ព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបតទៅ៕