អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ
(បន្ទាយមានជ័យ ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១.ឈ្មោះ ស៊ុន ទូច ហៅទូច ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ,២.ឈ្មោះ សល់ ចំរើន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចម្តុំដើមស្រល់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អេតវីន ម៉ារីអូ គូរស៊ីងហ្គា(EDWIN GURUSINGA) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្តោះអាសន្នភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនរងគ្រោះបានទុកម៉ូតូម៉ាកស្កុបពី (SCOOPY) ពណ៌ខ្មៅ គ្មានស្លាកលេខ នៅខាងមុខអគារដែលខ្លួនធ្វើការដូចរាល់ដង ស្រាប់តែនៅវេលាកេីតហេតុសន្តិសុខបានប្រាប់ជនរងគ្រោះថា ម៉ូតូត្រូវបានចោរលួច ហើយក៏បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យ០២នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ ក្រោយទទួលបានពាក្យបណ្តឹង និងទទួល ព័ត៌មានពីសន្តិសុខថា បានប្រទះឃើញជនសង្ស័យម្នាក់និងម៉ូតូ០១គ្រឿងនៅចំណុចម្តុំដើមស្រល់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបានចុះទៅទីតាំងភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ទូច រួមទាំងវត្ថុតាង (ម៉ូតូ ចំនួន ០១គ្រឿង) នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំតាមនីតិវិធី និងបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សល់ ចំរើន ហើយនាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅតុលាការហើយ នៅចុងសប្តាហ៍នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូ ម៉ាកស្កុបពី (SCOOPY) ត្រូវបាន ប្រគល់ជូនម្ចាស់ដើមវិញហេីយដែរ៕