មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងក្រុងសិរីសោភ័ណ ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ) ៖កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានចុះធ្វើការស្រាវជ្រាវនិងតាមដានមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងក្រុងសិរីសោភ័ណ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គឹម សារ៉ាវុធ ហៅវែង ភេទប្រុស ឣាយុ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត នៅត្រង់ចំណុចភ្លើងស្តុបផ្សារទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។វត្ថុតាងដែលដកហូតបានរួមមាន: ម៉្សៅក្រាមសថ្លា ចំនួន០៤កូនថង់កិប និង០១ថង់ធំ, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY)ចំនួន០៥គ្រាប់,ទូរសព្ទដៃម៉ាកVIVO ពណ៌ខ្មៅចំនួន០១គ្រឿង, ចិញ្ចៀនលោហ:ធាតុពណ៌លឿងក្បាលនាគចំនួន០១វង់ និងសម្ភារ:វិចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ជនសង្ស័យខាងលើក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងមកសម្រាប់លក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ក្រោយបានស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៊។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕