ព័ត៌មានជាតិ

អបអរសាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោមប្រធានបទ​ “សុខភាពដើម្បី​យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ក្រោមប្រធានបទ​“សុខភាពដើម្បី​យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលរងខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី និងសិស្សនិសិត្ស ប្រមាណជាង១.០០០នាក់ ធ្វើនៅសាលប្រជុំសាលាខេត្ត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបានឡើងអានរបាយការណ៍ពីកិច្ចខិតប្រឹងប្រែងរួមគ្នាអនុវត្តតាមផែនការការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​បង្ការ​ ទប់ស្កាត់​ បង្រ្កាបបទល្មេីសគ្រឿងញៀនក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៤នេះ បានធ្វើការផ្សព្វផ្សាយ និងអប់រំ​ពី​​ខ្លឹមសារ​ប្រយុទ្ធ​ប្រឆាំង​នឹង​​គ្រឿងញៀននៅតាម​គ្រឹះស្ថានអប់រំ ​វេទិកា​សា​ធារ​ណៈ និងចុះចែក-បិទ​ខិត្តប័ណ្ណផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមគោលដៅទេសចរណ៍ កន្លែង​កំសាន្ត​​​សប្បាយ​នានាជាដើម។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានមានប្រសាសន៍ថា៖ សព្វថ្ងៃនេះ វិបត្តិគ្រឿងញៀនមានបញ្ហាយ៉ាងខ្លាំង ដល់ប្រមុខដឹកនាំ ជនណាដែលបានប្រព្រឹត្ត ជក់គ្រឿងញៀនហើយ ជននោះត្រូវជួបនិងការបាត់បង់ថវិការ ខូចសុខភាព ព្រាត់ប្រាស់មិត្តភ័ក្តម្តាយឪពុក ខូចសុខភាពនិងរាងកាយ ខូចសរសៃប្រាសាទ បាត់ការបងចាំ គេចសាលា ប្រើអំពើហឹង្សាក្នុងគ្រួសារ និងមិតភ័ក្ត នៅទីបញ្ចប់គឺឆ្លងជម្ងឺគ្រប់មុខស្លាប់ដោយមិនអាចគេចបានឡើយ។

លោកឧត្តមសេនីយ៍ឯក បានធ្វើការកោត​សរសើរ​ និងអរគុណ​ដល់គ្រប់អង្គភាពសមាជិកនៃគណៈ​កម្មាធិការ​ត្រួតពិនិត្យ​គគ្រឿងញៀនខេត្តបន្ទាយមានជ័យ ថ្នាក់​ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អង្គការមិនមែន​រដ្ឋាភិបាល​​ជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន សាសនា និង​សប្បុរស​ជននានា ដែលបានចូលរួម​ និងគាំទ្រយ៉ាងសកម្មដល់​ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​តាមតួនាទី និងភារកិច្ច​ពាក់ព័ន្ធ​រៀងៗខ្លួន ប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់​កាល​នៃយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានឡើងអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីសុខមាលភាពប្រជាពលរដ្ឋ​ ជាមួយនឹងពាក្យស្លោក “ ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង ”។កម្ពុជា​នៅតែប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញ​សម្រាប់សង្គមមនុស្សជាតិទាំងមូល ជាមួយនេះ​គណៈកម្មាធិការត្រួតពិនិត្យគ្រឿង​ញៀនខេត្តបន្ទាយមានជ័យ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ឲ្យបានទាំងស្រុងនូវរាល់ បទល្មើស​ជួញដូរ ​ប្រើ​ប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត ទីសប្បាយដ្ឋាននានា​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួនមុនដំណាច់ឆ្នាំ២០២៤ ដោយសមត្ថកិច្ចទាំងអស់ត្រូវតែចៀសឱ្យបានដាច់ខាតនូវ​ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ហេីយការអនុវត្តដាក់ទោសទណ្ឌធ្វេីទៅតាមច្បាប់ដែលមានជាធរមាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button