ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបន្តស​ហការធានា​សន្តិសុខ នៃការបោះ​ឆ្នោតឱ្យបា​នល្អជា​មួយ គ.ជ.ប

(សៀមរាប)៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក្នុងឋានៈ​ជាប្រ​ធានគណៈបញ្ជាការសន្តិសុខអ​ចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍​ផ្ដល់តម្លៃ​ខ្ពស់​ចំពោះមរតក នៃការ​ខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោត​នៅកម្ពុជា របស់ថ្នាក់ដឹ​កនាំជំនាន់មុន។

ការថ្លែងរប​ស់ឯកឧត្តមអភិសន្តិបណ្ឌិត នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) រៀបចំនៅក្រុងសៀមរា​ប ខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

បើតាមឯ​កឧត្តមអភិសន្តិបណ្ឌិត ស សុខា ការបោះឆ្នោតនៅកម្ពុជា ជាពិសេសក្នុងរយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ ទាំងការបោះឆ្នោតសកល និង​អសកល​ ត្រូវបានមជ្ឈដ្ឋានជា​តិ និងអន្តរជាតិ ទាំង​អ្នកសង្កេតការណ៍ និងប្រជា​ពលរដ្ឋកម្ពុជាផ្ទាល់ ទទួលស្គាល់ជាឱឡារិកថា បានប្រព្រឹត្តទៅប្រក​បដោ​យសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ពោលគឺគ្មានឡើយអំពើហិង្សានយោបាយ ឬកា​របង្កហេតុផ្សេងៗ។

ក្នុងន័យនេះឯកឧត្តមអ​ភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងជានាមអ្នកបន្តវេន ដែលទទួល​ខុស​ត្រូវលើ​កិច្ចការសន្តិសុខបោះឆ្នោត ឯកឧត្តម នឹងបន្តផ្ដល់កិច្ចសហការឱ្យបានល្អជាមួយ គ..ប ដើម្បីប​ន្តធានាអនុវត្តរដ្ឋធម្មនុញ្ញ ពិសេសគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែល​ប្រជាពលរដ្ឋ មានភាពជាម្ចាស់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ជាទៀតទា​ត់ស្រប​តាមច្បាប់។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិកា​រជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សារា​ជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅជាបន្តប​ន្ទាប់ក្នុងបរិយា​កាសដែលស្ថា​នភាពសង្គម សេដ្ឋកិច្ច និងនយោបាយ នៅកម្ពុជាមានការវិត្តល្អប្រសើរ ពិសេសគណ​បក្សនយោបាយ និងអង្គការជាតិ និងអន្តរជាតិ ភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍គាំទ្រ និងកោតសរសើរ។

ឯកឧត្តម បានធ្វើមូលវិចារការវាយតម្លៃជារួមរបស់ភាគីពាក់ព័ន្ធ ថាការបោះឆ្នោតទាំងពីរចុង​ក្រោយ​នេះ មានប​រិយាកាសសន្តិសុខ និងរបៀបរៀបរយល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ពិសេស​បា​នប្រព្រឹត្តទៅដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ និងមានតម្លាភាព។ ឯកឧត្តម ក៏បានថ្លែង​អំណរគុណគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត រួមទាំងអាជ្ញាធរមូ​លដ្ឋាន​គ្រប់ថ្នាក់ ដែលផ្ដល់កិច្ចសហកា​រយ៉ាងល្អលើការងារសន្តសុខបោះឆ្នោត៕

  

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button