ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀត ឈាម (អៀត ណំ) ហៅឃ្មុំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់បណ្តោះអាសន្នមាត់អូរគោកស្បែង ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ចំណុចមាត់អូរ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វឿន វុត្ថា ហៅសារ៉េត,ញាញ់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា តាមការរៀបរាបរបស់ជនរងគ្រោះនៅវេលាកេីតហេតុ ជនសង្ស័យបានប្រើអំពើហិង្សាលើប្អូនរបស់ខ្លួនបណ្តាលឱ្យរបួស ហេីយជនរងគ្រោះខឹងយ៉ាងខ្លាំង ក៏បានបបួលប្អូនប្រុសទៅតាមរកជនសង្ស័យដើម្បីសួរនាំ ហើយក៏កើតជាហិង្សាដោយជនសង្ស័យនិងបក្ខពួក០២នាក់ទៀត បានយកដំបងបួនជ្រុង និងកាំបិតម្នាក់មួយដើម ព្រួតគ្នាកាប់និងវាយមកលើខ្លួន និងប្អូនប្រុស ឈ្មោះ វឿន គឹមស្រេង ភេទប្រុស អាយុ១៧ឆ្នាំ បណ្តាលឱ្យបែកក្បាលហូរឈាមជាច្រើនកន្លែង រងរបួសធ្ងន់ធ្ងរផ្នែកក្បាលនិងខ្លួន រហូតសន្លប់បាត់បង់ស្មារតី បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា–ជប៉ុន មង្គលបូរី ត្រូវស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង០៤ទាបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
បន្ទាប់ពីទទួលពាក្យបណ្ដឹងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការកំណត់មុខសញ្ញា និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចមាត់អូរគោកស្បែង ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ចំណែកបក្ខពួកបានរត់គេចខ្លួន។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយនិងកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកបក្ស២នាក់ទៀតកម្លាំងកំពុងស្រាវជ្រាវបន្ត៕