ព័ត៌មានជាតិ

ក្រុមអ្នកនាំពាក្យក្រសួ​ងមហាផ្ទៃ រៀបចំសន្និសីទសារព័ត៌មានលើកទី២ ផ្ដោតលើ«សុវត្ថិភាព​ចរាចរ​ណ៍»

(ភ្នំពេញ)៖សន្និសីទសារព័ត៌មាន លើកទី២ របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបាន​រៀបចំ​ឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដោយមាន​ការអញ្ជើញជា​វាគ្មិនពីសំណាក់​លោកឧត្តម​សេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គ​ស្នងកា​រដ្ឋាននគរបាលជាតិ។ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសការរឹត​បន្តឹងច្បាប់​ចំពោះ​អ្នកបើកបរនៅពេលយប់ គឺជាប្រធានបទស្នូល ហើយក្នុងឱកា​សនោះវាគ្មិនក៏បានឆ្លើយឆ្លង​សំណួរនិងចម្លើយជាមួយអ្នកសារព័ត៌មានអំពីប្រធានបទពាក់ព័ន្ធចំនួន៥ផងដែរ។

ថ្លែងបើកសន្និសីទសារព័ត៌មាននាឱ​កាសនោះ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់ថាសន្និសីទសារនេះ មានគោលដៅលើ​កកម្ពស់ប្រសិទ្ធភាព​នៃការផ្សព្វផ្សាយ​សារព័ត៌​មាន និងសាធារណមតិ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយដែលក្នុងនាមជាសេនាធិការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យ​ការងារនេះមានភាពសកម្ម និរន្តភាព និងប្រកបដោយប្រសិទ្ធភាព។

បណ្ឌិត ទូច សុឃៈ បង្ហាញសុទិដ្ឋិនិយមខ្ពស់ថា សន្និសីទសារព័ត៌មានដែលផ្ដោតលើការ​ងារសុវត្ថិ​ភាព​ច​រាចរណ៍ផ្លូវគោកនេះ នឹងរួមចំណែកធ្វើឱ្យសាធារណជន យល់ដឹងកាន់តែច្បាស់​អំពីស​មិទ្ធផល គោលដៅ និងគោលបំណង នៃការអនុវត្តច្បាប់របស់នគរបាលចរាចរណ៍ គឺការធ្វើឱ្យពល​រដ្ឋកាន់​តែយល់ដឹងអំពីបញ្ហាចរាចរណ៍ ដើម្បីឈានទៅធ្វើឱ្យអត្រាគ្រោះថ្នាក់ ស្លាប់ និងរបួស ដោយ​គ្រោះ​ថ្នាក់ច​រាចរណ៍ កាន់តែត្រូវបានកាត់បន្ថយ ហើយវេទិកានេះក៏ផ្ដល់ឱកា​សឱ្យអ្នកសារព័ត៌​មាន​បានឆ្លើយឆ្លងសំណួរចម្លើយដោយផ្ទាល់ជាមួយវាគ្មិនផងដែរ។

លោកឧត្តម​មសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍​និងសណ្ដាប់ធ្នាប់​សាធារ​ណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានរៀបចំសន្និសីទសារព័ត៌មាន ផ្ដល់ឱកាសឱ្យអគ្គស្នងការដ្ឋាន រម្លឹកនិងបញ្ជាក់អំពី​ការងារ​សុវត្ថិភាពចរាចរណ៍ជូនសាធារណជន ពិសេសផែនការសកម្មភាព ស្ដីពី ការរឹតបន្តឹងការ​អនុវត្តច្បាប់​ស្ដីពី​ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤២០២៧ និងតុល្យការណ៍ចុងក្រោយនៃស្ថា​នភាពសុវត្ថិភាព​ចរាចរណ៍នៅកម្ពុជា រួមទាំងការរឹតបន្តឹងការបើកបរនៅពេលយប់។

គួរកត់សម្គាល់ថា ការឆ្លើយឆ្លងរវាងអ្នកសារព័ត៌មាន និងវាគ្មិន នាឱកាសសន្និសីទសារព័ត៌មាននោះ បានផ្ដោត​លើបញ្ហាសំខាន់​ៗជាអាទិ៍ ការរឹតបន្តឹងច្បាប់នៅពេលយប់នឹងនៅតែបន្តឬដកថយ? បទពិ​សោធន៍និ​ងបញ្ហាប្រឈនៃការអនុវត្តច្បាប់នៅពេលយប់! ការបែងចែកប្រាក់ផាកពិន័យតាម​គោល​ការណ៍​ច្បាប់! សិស្សធ្វើដំណើរទៅទទួលការអប់រំដោយកាន់ទម្លាប់មិនគោរពច្បាប់ចរាចរណ៍ និងការដាក់​គោលដៅនិងការប្ដេជ្ញាចិត្ត របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះស្ថានភាព​ចរាចរណ៍​នៅកម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ?

សូមបញ្ជាក់​ថា សន្និសីទសារព័ត៌មាន របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នឹងរៀបចំឡើងជាបន្តប​ន្ទាប់ ដោយផ្ដោ​តលើប្រធានបទសំខាន់ៗក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងមានការពា​ក់ព័ន្ធផ្ទា​ល់​ទៅនឹងជីវភាពប្រជាពលរដ្ឋ ក៏ដូចជានិន្នាការរួមរបស់សង្គម។ សន្និសីទនេះ សហការ​គាំទ្រ​ផ្នែកបច្ចេកទេសដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សា​យអប់រំនៃ​ក្រសួងមហាផ្ទៃ។ វាគ្មិន​សំ​ខាន់ៗ នៃសន្និសីទ នឹងមានការអញ្ជើញចូលរួមទាំងពីកម្រិតអង្គភាពចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ៕

  

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button