ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ណែនាំអភិបា​លខេត្តតាកែវថ្មី ពង្រឹងស​មត្ថភាពមន្រ្តីផ្តល់សេវា ទាំងការទទួលខុសត្រូវ និងក្រមសីលធម៌

ខេត្តតាកែវ ៖ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែ​នាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបា​លខេត្ត​តាកែវ ថ្មី ត្រូវបន្តព​ង្រឹងស​មត្ថភាពដ​ល់មន្រ្តីផ្ត​ល់សេវានៅថ្នាក់ក្រោមជាតិ ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅ​មូលដ្ឋាន ដើម្បីបំពេ​ញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំង​ខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែ​ងអភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្ក​ដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវបន្ត​ថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ កា​របង្ក្រា​បបទល្មើសគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរជើងគោក បង្រ្កាប​អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ី​សងខុសច្បា​ប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ការអនុវត្តគោលនយោបាយ “ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពង្រឹងកា​រផ្តល់សេវា​សាធារណៈតាមច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពង្រឹងការដោះ​ស្រាយបញ្ហា​ប្រឈមនៅមូលដ្ឋាន និងការដោះស្រាយជម្លោះដីធ្លី ការដឹកនាំ ការគ្រប់គ្រង និងរបៀប​រប​បបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ណែ​នាំឱ្យរដ្ឋបា​លខេត្តតាកែវ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវត្តមានមន្ត្រី និងខិតខំធ្វើការបណ្តុះ​បណ្តាលកសាង​សមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តរបស់ខ្លួន និងជំរុញលើកទឹក​ចិត្តមន្ត្រី ឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព និងត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តមុខងារ ប្រើប្រាស់ធនធាននានាដែលបានផ្ទេរដើម្បីធានា ផ្តល់សេវាទាំងនោះ ជូនប្រជាព​លរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន ជាពិ​សេស គឺ​ពង្រឹងសមត្ថភាពមន្ត្រីជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់​យកបច្ចេកវិទ្យាទំ​នើបៗ ក្នុងការអនុវត្ត​ការងារ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើរបាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត និងអង្គពិធី​អំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តតាកែវ សម្រេចបានក្នុង​អាណត្តិការងាររបស់​ឯកឧត្តម នាពេលកន្លងមក ជាពិសេសការសម្រេចបានលទ្ធផលការងារជាវិជ្ជមានដល់ការអភិវឌ្ឍ និងការកា​ត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន រួមចំណែកធ្វើឱ្យសម្រេច​បានជោគជ័​យនូវយុទ្ធសាស្រ្តចតុកោ​ណរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រដោយ​គតិបណ្ឌិតរបស់ស​ម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាមូលដ្ឋានដ៏សំ​ខាន់ក្នុងកា​របន្តអ​នុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹ​កនាំប្រកប​ដោយភាព​ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ចំណែកឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្មី ក៏បានប្ដេជ្ញាចិត្តជំរុញការ​ផ្តល់​សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រ​យុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាកក់ចរាចរណ៍ ការកៀរគរអ្នកវិនិ​យោគអភិវឌ្ឍន៍​ខេត្ត ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការគោរពច្បាប់ លិខិតបទដ្ឋាន​គតិយុត្តរបស់រាជរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button