បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរគ្រោះ ស្ដីពីករណីបាត់ម៉ូតូ ១គ្រឿងនៅមុខផ្ទះជួលរបស់ខ្លួននោះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង សិទ្ធ ហៅដាំ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររើសអេតចាយ បច្ចុប្បន្ន រស់នៅមណ្ឌល៣ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១និង០៩នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ព្រមទាំងដកហូតម៉ូតូ០១គ្រឿងម៉ាកPCX ពណ៌ក្រហម ផលិតឆ្នាំ២០២២ ដែលជាម៉ូតូដែលជនសង្ស័យលួចបានពីជនរងគ្រោះ រួចបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ចំណែកម៉ូតូត្រូវបានកម្លាំងក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕