អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ រឿងចោរឆក់កាបូប នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនានា និងសារព័ត៌មានជាតិ–អន្តរជាតិ ជុំវិញករណីចោរឆក់កាបូបកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៤ និង១៦ នាទី ត្រង់ចំណុចមុខហាងកាហ្វេMHខាងកើតក្លឹបស្តារឡៃយ៍ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមកនោះ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីបំភ្លឺដោយមានខ្លឹមសាថា ថ្មីៗនេះមានអង្គភាពសារព័ត៌មានមួយចំនួនក្នុងស្រុក និងក្រៅស្រុក បានចុះផ្សាយពីករណីចោរឆក់កាបូប កាលពីថ្ងៃខែ ចំណុចខាងលើ ដែលជនសង្ស័យមានគ្នាចំនួន៥នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម បានធ្វើសកមមភាពឆក់ កាបូបរបស់ជនរងគ្រោះជាជនជាតិថៃ ដែលជិះម៉ូតូមានគ្នា២នាក់ប្រុសម្នាក់ ស្រីម្នាក់ តែមិនបានសម្រេច ហើយជនរងគ្រោះ និងជនសង្ស័យបានដួលម៉ូតូ ហើយភ្លាមៗជនសង្ស័យបានលើកម៉ូតូនាំគ្នារត់គេចខ្លួនតែម្តង។
ក្រោយពីកើតហេតុជនរងគ្រោះជាជនជាតិថៃពុំបានមកដាក់ពាក្យបណ្តឹងនោះទេ ។កម្លាំងសមត្ថកិច្ចជំនាញ យើងបានស្រាវជ្រាវស្វែងរកជនរងគ្រោះតែរកពុំឃើញ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច ជំនាញបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានជនសង្ស័យដែលធ្វើសកម្មភាពឆក់កាលថ្ងៃទី២៣ ខែមិថុនា បានចំនួន០២នាក់មានទាំងសាវតា និងរូបថតជនសង្ស័យ ។ កម្លាំងយើងបានចុះទៅដល់ផ្ទះជនសង្ស័យ តែជនសង្ស័យ និងបក្ខពួកបាននាំគ្នារត់គេចខ្លួន។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវកំណត់មុខសញ្ញាបក្ខពួកបន្ថែមទៀតយ៉ាងយកចិត្ត ទុកដាក់ និងតាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕