ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត
ខេត្តព្រះសីហនុ៖ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ម៉ាងសុីណេត ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសក្ដានុពលជាក់ស្ដែងរបស់ខេត្តព្រះសីហនុ។
ដើម្បីធានាសម្រេចបានគោលបំណងខាងលើនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបន្តពង្រឹងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ។ ពាក់ព័ន្ធការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំពីចំណាត់ការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលមានការប្រឈមនៅខេត្តភាគនិរតីមួយនេះ ដូចជា៖ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសពាក់ព័ន្ធគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។
ពីវេទិកាធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកន្លងមកនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អតីតអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រី កងកម្លាំង និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ ដើម្បីពង្រឹងគុណភាពសេវាសាធារណៈ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្ត ជាពិសេសក្នុងក្រុងព្រះសីហនុនេះ មានការថយចុះ ប្រជាពលរដ្ឋមានការសាទរ និងគាំទ្រពីភ្ញៀវទេសចរ និងវិនិយោគិន ជាតិនិងអន្តរជាតិ ក៏ទទួលបានភាពកក់ក្ដៅ។
ក្នុងចំណោមប្រធានបទសំខាន់ៗជាច្រើនទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់អំពីបទល្មើសគ្រឿងញៀន បើទោះបីជាប្រតិបត្តិការក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ បង្ក្រាបបានច្រើនករណី ដោយរឹបអូសគ្រឿងញៀនរហូតដល់ជាង ៥តោន ក៏មិនមែនមានន័យថា បញ្ហាគ្រឿងញៀន បានថយចុះនោះដែរ។ ផ្ទុយទៅវិញ ឯកឧត្តម បានជំរុញឱ្យរដ្ឋបាលខេត្ត រួមទាំងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះត្រូវបំផុសចលនាចូលរួមពីគ្រប់ភាគី ដោយអនុវត្តវិធានការណ៍ ៣កុំ ១រាយការណ៍។
ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសអជីវកម្មផ្លូវភេទ ជួញដូរកម្លាំងពលកម្ម និងបទល្មើសចរាចរណ៍ ពិសេសការរឹតបន្តឹងច្បាប់នៅពេលយប់ និងផ្ដោតលើមុខសញ្ញាមិនពាក់មួកសុវត្ថិភាព ព្រមទាំងយកចិត្តទុកដាក់បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងធានាឱ្យបាននូវសោភណ្ឌភាព និងអនាម័យតំបន់ឆ្នេរប្រកបដោយភាពទាក់ទាញ។
ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនអង្គពិធី ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ អំពីការត្រៀមដាក់ចេញគោលការណ៍ណែនាំមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចប់ភាពគ្មានសណ្ដាប់ធ្នាប់ក្នុងដំណើរការដេញថ្លៃ និងការដាក់ចេញយន្តការធានាគុណភាពសមិទ្ធផលនៃគម្រោងអភិវឌ្ឍន៍នានានៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ពីគម្រោងទាំងនោះ។
សូមបញ្ជាក់ថា ឯកឧត្តម ម៉ាង សុីណេត អតីតអភិបាលរងខេត្តព្រះសីហនុ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម គួច ចំរើន ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល៕