សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សិត្បូ នៅក្រុងតាខ្មៅ
ខេត្តកណ្តាល៖ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សិត្បូ ដែលមានទទឹង១១ម៉ែត្រ គុណ៩ម៉ែត្រ នៅភូមិសិត្បូ ភូមិកំពង់ព្រីង ភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល និងឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះជួយសង្កាត់សិត្បូ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសជាតិយើងមាន សុខសន្តិភាព មានការរីកចម្រើនអភិវឌ្ឍដូចសព្វថ្ងៃ គឺដោយសារគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតែងតែយកអាទិភាពផ្លូវថ្លល់ និងស្ពានចាត់ទុកជាសរសៃឈាមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅមូលដ្ឋានដូចសព្វថ្ងៃនេះ ពីព្រោះស្ពាន ផ្លូវថ្នល់ ផ្លូវបេតុង គឺជាសរសៃឈាមដ៏មានសារសំខាន់បំផុត ដែលបម្រើឱ្យវិស័យសេដ្ឋកិច្ចជាចម្បង ពោលគឺមានផ្លូវ មានស្ពាន មានក្តីសង្ឃឹម ឈានទៅកាត់បន្ថយបាននូវភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ជាពិសេសប្រជាពលរដ្ឋទាំងអស់សូមជួយថែទាំសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឱ្យបានល្អប្រសើរ ដើម្បីទុកប្រើប្រាសើឱ្យបានយូរអង្វែង និងត្រូវបន្តប្រុងប្រយ័ត្ន និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ–១៩ផងដែរ៕