លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើដល់នារីជាក្រុមការងារអាជ្ញាធរ និងបេក្ខភាពក្រុមប្រឹក្សា សូមប្រព្រឹត្តនូវអំពើល្អ និងកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ផលប្រយោជន៍របស់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន
(ភ្នំពេញ)៖ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខនារីក្រុមប្រឹក្សា ឃុំ សង្កាត់ និងថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី នៃខណ្ឌ សង្កាត់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅវិមាន៧មករា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើដល់នារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខភាពក្រុមប្រឹក្សាទាំងអស់ សូមប្រព្រឹត្តនូវអំពើល្អ និងកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ផលប្រយោជន៍របស់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ ដែលខ្លួនតាំងនៅ ។ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ដើម្បីសហការណ៍គ្នាជម្រុញ នូវល្បឿននៃការអភិវឌ្ឍន៍ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ ត្រូវជម្រុញក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ក្នុងគាំពារអភិបាលកិច្ចល្អ ដោយចាត់ចែងប្រើប្រាស់ធនធាន នានាដែលមានប្រកបដោយ ចិរភាព សំរាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ សង្កាត់របស់ខ្លួន បំរើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងគោរពផលប្រយោជន៍របស់ជាតិស្របតាមនយោបាយទូទៅរបស់រដ្ឋ ។
ទន្ទឹមនោះដែរលោកជំទាវកិត្តិតសង្គហបណ្ឌិត បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រម ផ្ការីក ៕