ពិធីបិទផ្សាយជាសារធារណៈ នូវឯកសារនៃការវិនិច្ឆ័យចំនួន៣ភូមិ ក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរង ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤ បានរៀបចំពិធីបិទផ្សាយជាសារធារណៈ នូវឯកសារនៃការវិនិច្ឆ័យចំនួន៣ភូមិ ស្ថិតនៅក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលមានទិន្នន័យក្បាលដី សរុបចំនួន៥៦៧ក្បាលដី ក្នុងនោះ ភូមិដួងចំនួន១៩២ក្បាលដី, ភូមិកណ្តាល ចំនួន២៧៦ក្បាលដី, ភូមិក្បាលស្ពានចំនួន៩៩ក្បាលដី។
ពិធីនេះធ្វេីឡេីងនៅវត្តរតនៈម៉ាឡៃ ស្ថិតនៅក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាល រងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃណៈអភិបាលខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះដែរ លោក លៀម សុដា បានមានប្រសាសន៍ថា ការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ គឺវាផ្ដល់អត្ថប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនពលរដ្ឋជាម្ចាស់ដី និង ទទួលបានដីមានកម្មសិទ្ធិស្របច្បាប់ តែមុនចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ ក្រុមការងារក្រោយពីធ្វេីការវាស់វែងរួច និងធ្វេីការបិទផ្សាយជាសាធារណៈរយៈពេល១៥ថ្ងៃ។ ដែលរយៈពេល១៥ថ្ងៃ ជាពេលវេលាកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និង អង្គភាពពាក់ព័ន្ធទាំងអស់មកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី ប្រសិនបើមានកំហុសឆ្គង ដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើម ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវ ក្នុងកំឡុងពេលបិទផ្សាយ ១៥ថ្ងៃនេះ (សូមបញ្ជាក់ថា ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ)។
នៅរសៀលថ្ងៃនោះផងដែរ លោក លៀម សុដា អភិបាលរងខេត្ត ត្រូវបានអញ្ជើញជាអធិបតីភាពនៅក្នុង កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសតំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធនៅភូមិរស្មីសាមគ្គី ភូមិរស្មីសេរីភាព និងនៅភូមិកូបធំ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ដោយក្នុងនោះលោក ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ដែលត្រូវប្រកាសតំបន់ធ្វេីការវិនិច្ឆ័យ ត្រូវធ្វេីការកំណត់ព្រំដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវជាចំឯកសារសំខាន់ៗដែលចាំបាច់ក្នុងការបញ្ចូលទិន្នន័យក្បាលដី មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ , សេចក្ីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ជាដេីម ៕