ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត ទាក់ទាញនិង គាំទ្រគ ម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន

(ខេត្តត្បូងឃ្មុំ)ពីសាលាខេត្តត្បូងឃ្មុំ នា​រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម​អភិសន្តិប​ណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេស យកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រគម្រោង​វិនិយោគ​ជាមួយវិស័យ​ឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ប្រមុ​ខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើល​ទីតាំងដីសមរម្យរប​ស់ខេត្ត យកធ្វើជាធ្នាក់បោះទុន​ជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ។

ក្នុងពិធីប្រកាសចូលកា​ន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈ​អភិបាល​ខេត្តត្បូងឃ្មុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសសន៍ា ការវិនិយោគបង្កើតមណ្ឌ​លបន្សា​បគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នក​វិនិយោគរំពឹង​ខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួ​យ​គ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តប​ន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។

បើតាមឯកឧត្តម​អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិ​សម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោច​ស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការ​នេះមានភាគរយខ្ពស់​បំផុតក្នុងការប្រែក្លាយ​ជនរ​ងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះ​បណ្ដាលជំ​នាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើស​មាហរណ៍ចូល​ទៅក្នុង​សហគមន៍វិញ

ភ្ជាប់នឹងអនុសាសន៍ដូច​បានបញ្ជាក់មកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំ​ពីនិន្នាការនៃកា​រជួញដូរគ្រឿងញៀនរបស់ពួកឧក្រិដ្ឋជន ដែលកន្លងទៅសមត្ថកិច្ចប​ង្ក្រាបបានត្រឹម​កម្រិតរាប់សិបគីឡូ ឬយ៉ាងហោចណាស់ត្រឹមរយគីឡូ ប៉ុន្តែក្នុងរយៈពេលកន្លះឆ្នាំ២០២៤ នេះ មានដ​ល់ទៅ​ជាង ៥ពាន់គីឡូរួចជាស្រេច ខណៈមានជនរងគ្រោះ​ដែលភាគច្រើន​ជាយុវជនតិចតួច​នៅ​ឡើយ​ដែលបានស្ម័គ្រចិត្ត និងទទួលការជ្រោមជ្រែងពីក្រុមគ្រួសារ ដើម្បីទទួលសេវាព្យាបាល ប​ន្សាប និងស្ដារនីតិសម្បទា។

ក្រៅពីប្រធានបទគ្រឿងញៀន និងមណ្ឌលបន្សាប ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាន​មានប្រសាសន៍ណែនាំទៅកាន់ឯកឧត្តមអភិបាលខេត្តថ្មី យកចិត្តទុកដាក់ពង្រឹង​សន្តិសុខតា​មខ្សែបន្ទាប់ព្រំដែន ជាពសេសធានាការពារបូរណភាពទឹកដី ទប់ស្កាត់ឱ្យបាននូវការនាំ​ចូលទំនិញគ្មាន​គុណភាព ដើម្បីការពារសុខុមាលភាពប្រជាជន ទប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់​នៃអំពើជួញដូរមនុស្ស ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់ និងក្រុមក្មេងទំនើង។

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ក៏បានទទូចឱ្យឯកឧត្តមអភិបាលខេត្តថ្មី ខិតខំប្រើប្រាស់ឱ្យបាន​គ្រប់វិធីសា​ស្ត្រ ដើម្បីកៀរគរគម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ដែលរាជរដ្ឋាភិបាល ប្រគល់​សិទ្ធិសម្រេច និងខិតខំរៀបចំកែច្នៃ បង្កើតកញ្ចប់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញ​ទេចរក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ត្រូវធ្វើជាគម្រូក្នុងការបណ្ដុះ និងសាបព្រោះ​វប្បធម៌​ស្អាតស្អំ តម្លាភាព និងគុណភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ចាប់ពីថ្នាក់ខេត្ត រហូតដល់​ថ្នាក់ឃុំ សង្កាត់ ដូចជាការស្ថាបនាផ្លូវជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button