ជនជាតិថៃ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ ចំនួន០២នាក់៖ ១-ឈ្មោះ គីតទីសាក់ ផុងស៊ីកាវ ហៅបៀ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ២-ឈ្មោះ ណង គុនឈាន ហៅ ណាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនោះកម្លាំងចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០១ថង់កិប ស្មើនឹង១៣គ្រាប់ ទម្ងន់១,៤៤ក្រាម, ទូរស័ព្ទ ចំនួន០២គ្រឿង(ម៉ាកIPhone11 ពណ៌ស្វាយ, ម៉ាកHUAWEIពណ៌ស្វាយ) និងកាបូបស្ពាយ ចំនួន០១។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសជនជាតិថៃចំនួន២នាក់កំពុងជក់គ្រឿងញៀននៅចំណុចផ្សាររាត្រីទឹកពុះ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុហើយធ្វើការឃាត់ខ្លួនតែម្ដង ព្រមទាំងឆែកឆេររកឃើញមានគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាន បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕