កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជាតិថៃ៣នាក់ ទៅតុលាការ ពាក់ព័ន្ធ៤ករណី
(បន្ទាយមានជ័យ ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១.ឈ្មោះ សាយឈុន វង់អានុ (SAICHON WON ANOU) ហៅក្រៅ ណាត់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ២.ឈ្មោះ ស៊ុរ៉ាស៊ីត តាំងបូវ៉ូកិត ហៅក្រៅសែង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ៣.ឈ្មោះ វង់សាក់ថន អាក់ដុនផាន់ឆាក់ឡាផុន ហៅក្រៅប៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ អាសយដ្ឋានបច្ចុប្បន្នក្រុងបាងកក ប្រទេសថៃ។ ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលេីពាក់ព័ន្ធ៤ករណី ១,ហិង្សាដោយចេតនា ស្ថានទម្ងន់ទោស, ២,លួចមានស្ថានទម្ងន់ទោស, ៣ ,កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត , ៤,រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តិកាលពីវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារ១២ជាន់ម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ប្រតិបត្តិការនះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ ១.ឈ្មោះផុងភីថាក់ ឆៃឆាត(PONGPITAK CHHICHAT)ហៅក្រៅ អ៊ីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួលភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ២.ឈ្មោះបូរមី អាក់សនផុមរាថ(PORRAMEJ AKSROMPROMRACH)ហៅក្រៅ ត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួលភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីលួចស្ថានទម្ងន់ទោស បង្កដោយជនជាតិថៃដែលស្នាក់នៅបន្ទប់លេខ២០៤ ក្នុងអគារទីតាំងខាងលើ បានធ្វើសកម្មភាពវ៉ៃជនរងគ្រោះបណ្តាលឱ្យបែកក្បាល និងយកប្រាក់ថៃអស់ចំនួន៨,០០០បាត(ប្រាំបីពាន់)បាតសៀវភៅឆ្លងដែនចំនួន០១ក្បាល និងទូរសព្ទម៉ាកអាហ្វូន១៣ប្រូមិចចំនួន០១គ្រឿង។
លោកបន្តថា ក្រោយពីទទួលពាក្យបណ្តឹង របស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា បានចុះដល់ទីតាំងកើតហេតុ ស្រាប់តែជនសង្ស័យជាជនជាតិថៃ ដែលស្នាក់នៅបន្ទប់លេខ២០៤ បានរត់គេចខ្លួន កម្លាំង ជំនាញបានធ្វើការត្រួតពិនិត្យក្នុងបន្ទប់រកឃើញមានអាវុធខ្លី និងគ្រាប់នៅក្នុងបន្ទប់នោះ ដោយមានតម្រុយ និងមានការសង្ស័យកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានធ្វើការឆែកឆេរ ត្រួតពិនិត្យក្នុងបន្ទប់លេខ២០៦ និងបន្ទប់លេខ៦០១ បានរកឃើញអាវុធខ្លី និងគ្រាប់កាំភ្លើង និងមានកាំបិតជាច្រើនដើម ព្រមទាំងមានគ្រឿងញៀនជាច្រើនកញ្ចប់ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃទាំង០៣នាក់ ព្រមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងចាត់ការតាមនីតិវិធី និងបានធ្វើការត្រួតពិនិត្យរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល វិជ្ជមាន(+) ។ ក្នុងប្រតិបត្តិការនោះកម្លាំងបានដកហូតវត្ថុតាងរួមមាន ៖ ១.កាំភ្លើងខ្លីម៉ាកRelo លេខតួ 21TH1537 ចំនួន០១ដើម, ២.កាំភ្លើងខ្លីម៉ាកCOLT MK IV លេខតួ 722646 ចំនួន០១ដើម, ៣.កាំភ្លើងខ្លីម៉ាកM.1911 U.S ARMY គ្មានេខតួ ចំនួន០១ដើម, .កាំភ្លើងខ្លីម៉ាកRelo គ្មានលេខតួ ចំនួន០១ដើម, ៥.គ្រាប់កាំភ្លើងខ្លី ចំនួន១០០គ្រាប់(សំបកគ្រាប់០១គ្រាប់), ៦.បង់កាំភ្លើងចំនួន០២ , ៧.ស្រោមកាំភ្លើងចំនួន០៤, ៨.កាបិតវែងពណ៌ខ្មៅប្រវែង៥៩សង់ទីម៉ែត្រចំនួន០១ដើម, ៩.កាំបិតវែងពណ៌ស ប្រវែង៥៤សង់ទីម៉ែត្រ ចំនួន០១ដើម, ១០.កូនកាំបិតខ្លីប្រវែង១៩សង៉ទីម៉ែត្រ ចំនួន០១ដើម, ១១.ដែកឆាបកែច្នៃរូបរាងប៊ិច ប្រវែង១៥សង់ទីម៉ែត្រ ចំនួន០១ដើម, ១២.ស្រោមកាំបិត ចំនួន០៣ស្រោម, ១៣.ដំបងឈើកែច្នៃវីសស្រួចប្រវែង៦១សង់ទីម៉ែត្រ ចំនួន០១ដើម, ១៤.គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន១២ថង់តូច, ១៥.គ្រឿងញៀនម្សៅ ពណ៌ស ចំនួន០៥ថង់តូច, ១៦.គ្រឿងញៀនប្រភេទគ្រាប់ថ្នាំពណ៌ក្រហមក្បឿង ចំនួន១៨៦គ្រាប់(កំទេចថ្នាំពណ៌ក្រហម០២ថង់),១៧.គ្រឿងញៀនប្រភេទក្រាមពណ៌ស្វាយ ចំនួន០១កូនថងតូច, ១៨.គ្រឿងញៀនប្រភេទកញ្ចប់ពណ៌ក្រហមរូបសេះ ចំនួន០១កញ្ចប់, ១៩.ជញ្ជីងសម្រាប់ថ្លឹង ចំនួន០៣គ្រឿង, ២០.ឧបករណ៌សម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន, ២១.ទូរដែកពណ៌ខ្មៅ ចំនួន០១ គ្រឿង។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាជាប់ពាក់ព័ន្ធដូចការចោទប្រកាន់ខាងលេីពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាន បញ្ជូនទៅតុលាការហើយ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕