ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ប្រកាសទទួលស្គាល់សមាជិកបក្សថ្មី ដែលអតីតសកម្មជនមកពីគណបក្សនយោបាយនានា

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ៨២នាក់ ដែលជាអតីតសកម្មជនមកពីគណបក្សនយោបាយនានា ដោយក្នុងពិធីនោះដែរ ក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមចលនាសមាជិកគណបក្សនៅក្នុងមូលដ្ឋានខេត្តប៉ៃលិន និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ យ៉ាងច្រើនកុះករផងដែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ស្វាគមន៍ និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយនេះគឹជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និង មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ។

លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍លើកឡើងថា៖ កត្តាសំខាន់៣ សម្រាប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តន៍ រួមមាន៖ ១៖ ក្តាប់ឲ្យជាប់នូវកម្មវិធីរបស់គណបក្សប្រជាជន គោលការណ៍ដឹកនាំរបស់គណបក្ស បង្កើតការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ២៖ ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុង របស់គណបក្ស និង៣៖ ក្នុងនាមជាមន្ត្រីគណបក្ស ត្រូវបន្តចូលរួមគាំទ្ររាល់គោលនយោបាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញឲ្យសមាជិក-សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ជាពិសេសបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ ។

បើតាមការអានសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជន ដោយ ឯកឧត្តម ហុក សុផល ប្រធានគណៈចាត់តាំងគណបក្សខេត្ត បានឱ្យដឹងថា៖ សមាជិកសមាជិកាបក្ស ដែលបានប្រកាសបញ្ចូលថ្មី មានចំនួន ៨២នាក់ ក្នុងនោះមកពីអតីតដែលមកគណបក្សភ្លើងទៀន ចំនួន ៦៨នាក់, គណបក្ស LDP ចំនួន ៣នាក់, គណបក្សឆន្ទៈខ្មែរ ចំនួន ៦នាក់, និងគណបក្សខ្មែររួមរួមជាតិ ចំនួន ៥នាក់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button