គណៈបញ្ជាការឯកភាពខេត្តកណ្តាលបើកកិច្ចប្រជុំ ដើម្បីដាក់ចេញគោលការណ៍ថ្មីៗ សំដៅធ្វើឱ្យបទល្មើសមានការថយចុះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ខេត្តកណ្ដាល៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណបញ្ជាការឯកភាពខេត្តបានមានប្រសាន៍ថា កិច្ចការសំខាន់ដែលគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុកត្រូវយកចិត្តទុកដាក់គឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែមានការកើនឡើង ហើយបញ្ហាល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និងក្មេងទំនើង គឺឃើញថាគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បានខិតខំធ្វើការបង្ក្រាបទទួលបានលទ្ធផលល្អ ប៉ុន្តែក៏ត្រូវតែយកចិត្តទុកដាក់បន្តតាមដាន និងចាត់វិធានការបង្ក្រាប ឱ្យកាន់តែបានល្អប្រសើរថែមទៀតផងដែរមិនត្រូវធ្វើប្រហែលជាដាច់ខាត។
ជាងនេះទៅទៀតឯកឧត្តមក៏បានធ្វើការណែនាំ ដល់គណៈបញ្ជាការរដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំសណ្ដាប់ធ្នាបសាធារណៈតាមដងផ្លូវ ឱ្យបានល្អប្រសើរជាប្រចាំ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនៅវិធានការច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់នៅតាមដងផ្លូវ ដោយដាក់កម្លាំងធ្វើការត្រួតពិនិត្យចរាចរណ៍នៅតាមគោលដៅសំខាន់ៗរៀងៗខ្លួន មន្ទីរអគភាពអង្គភាពពាក់ព័ន្ធ ត្រូវបន្តការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ស្រទាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើឱ្យជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាលឱ្យមានការថយចុះ។
ទន្ទឹមនោះឯកឧត្តម ក៏បានធ្វើការរំលឹកទៅដល់គណៈបញ្ជាការក្រុង-ស្រុក ត្រូវទទួលយកនូវរាល់បណ្ដឹងផ្សេងៗ របស់ប្រជាពលរដ្ឋ ទោះករណីក្រៅ ឬលើសដែនសមត្ថកិច្ចខ្លួនក៏ដោយ ក៏ត្រូវជួយសម្រប់សម្រួលពួកគាត់ ផ្តល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ជាងនេះ ទៅទៀតត្រូវពិនិត្យ និងពង្រឹងតួនាទីរបស់ខ្លួន ត្រូវខិតខំអនុវត្តតាមតួនាទី និងភារវកិច្ចរបស់ខ្លួនដែលក្រសួងមហាផ្ទៃបានកំណត់ឱ្យបានល្អ និងទទួលខុសត្រូវខ្ពស់ ទាំងកងកម្លាំង និរដ្ឋបាលក្រុង-ស្រុក ត្រូវតែសហការគ្នាស្អិតរមួត ធ្វើយ៉ាងណាខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឱ្យល្អប្រសើរ៕