រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជួបសំណេះសំណាលជាមួយ បុគ្គលិកអប់រំនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ) ៖មន្ទីរអប់រំយុវជនកីឡាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាល ជាមួយ បុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមអធិបតី ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គណ:ប្រតិភូក្រសួង លោក ឈួ ប៊ុន រឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ប្រមាណ ៣០០នាក់ នៅសាលប្រជុំ(ធំ)មន្ទីរអប់រំយុវជនកីឡាខេត្តនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
លោក ឈួ ប៊ុនរឿង បានមានប្រសាសន៍ថា តាមរបាយការណ៍សង្ខេប អំពីសមិទ្ធិផលសម្រេចបានក្នុងវិស័យអប់រំក្នុងបច្ចុប្បន្នមាន៖
១.គ្រឹះស្ថានសិក្សាសាធារណៈទូទៅក្នុងខេត្តមានចំនួន ៨២១កន្លែង ២.គ្រឹះស្ថានសិក្សាកជនំណេះទូទៅ មានចំនួន ១៥៨កន្លែង ៣.មានវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសមានចំនួន២កន្លែង ៤.គ្រឹះស្ថានឧត្តមសិក្សាទូទាំងខេត្តមានចំនួន៤កន្លែង និង វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ។
លោកបានបញ្ជាក់បន្តទៀតថា គិតមកត្រឹមខែកក្កដា ឆ្នាំ ២០២៤នេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់អាគារសិក្សាចំនួន ២០២ខ្នង ស្មើរនិង ១៦៤០បន្ទប់ ក្នុងនោះមានម៉ាសុីនកាត់ដេចំនួន ៣៧០គ្រឿងម៉ាសុីនថតចំលងមានចំនួន ១១គ្រឿង ម៉ាសុីនព្រីនធ័រ ចំនួន២០គ្រឿង។ក្នុងនោះ ឯកឧត្តមនាយឧត្តម សេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានផ្តល់អាគារសិក្សា បណ្ណាល័យ ទីចាត់ការ និងផ្ទះគ្រូសរុបចំនួន ៨៤ខ្នង ស្មើរនិង៤១៥បន្ទប់ផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់វិស័យអប់រំ ៥ចំណុច គឺការអនុវត្តគោលនយោបាយគ្រូបង្រៀន ដែលក្នុងនោះ រួមមាន ការកែលម្អប្រាក់ខែគ្រូ ការគាំទ្រ និងទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកកម្ពស់តួនាទី និងកិត្តិយសគ្រូបង្រៀន និងបន្តពង្រឹងគុណវុឌ្ឍិគ្រូ ដោយគូសបញ្ជាក់ថា គ្រូបង្រៀនមានសមត្ថភាព ទើបអាចបង្រៀនកូនសិស្សឱ្យចេះ និងពូកែ។ ក្រសួងក៏បាន និងកំពុងបន្តកែលម្អកម្មវិធីសិក្សា ហើយខេត្តដែលមានចំនួនសាលាគំរូច្រើនជាងគេ នឹងត្រូវទទួលស្គាល់ជាខេត្តគំរូ ប្រធានមន្ទីរគំរូ ពង្រឹងការបណ្តុះបណ្ដាលនាយក ដោយលើកទឹកចិត្តអ្នកដែលមានស្នាដៃ ហើយក្រសួងនឹងជ្រើសរើសសាលារៀន ១៣០ទៀតឱ្យទៅជាសាលាគំរូដើម្បីជួយគាំទ្រ និងពង្រឹងបន្ថែមជាបន្តបន្ទាប់។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់លោកគ្រូ អ្នកគ្រូទាំងយកចិត្តទុក ក្នុងការបង្រៀនឲ្យសិស្សមានការប្រកួតប្រជែង ដើម្បីសម្រេចឲ្យបានចំគោលដៅនៃការផ្សារភជាប់ទៅកាន់ការអប់រំថ្នាក់ឧត្តមសិក្សា និងការកសាងវិជ្ជាជីវៈផ្ទាល់ខ្លួន។ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់ថា៖ការផ្តផ្តួចផ្តើមឲ្យមានការប្រកួតប្រជែងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនេះទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ដោយមានការបញ្ចូលបន្ថែមជាមួយសិល្បៈមនុស្សសាស្រ្ត នៅថ្ងៃអនាគតផងដែរ ។នៅថ្ងៃដដែលនេះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អមដំណើរដោយគណ:ប្រតិភូ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឈួ ប៊ុន រឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបន្តដំណើរទស្សនកិច្ចនៅវិទ្យាល័យ ជប់វារី ក្នុងស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ផងដែរ៕