ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រសួងមហាផ្ទៃ នឹងកំណត់កម្រិតកម្ពស់ថ្មី សម្រាប់​បេក្ខជន​ប្រឡងចូ​លក្របខ័ណ្ឌនគរបាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ

(ខេត្តព្រៃវែង)៖ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មីនូវ​កម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំ​ណង​ប្រឡងយកក្របខ័ណ្ឌមន្ត្រីនគ​របាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើតាម​ការថ្លែងឱ្យ​ដឹងពីឯ​កឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធី​បិទវគ្គបណ្ដុះ​បណ្ដាលជំនាញរដ្ឋបា​លលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើ​កវគ្គជំនាន់ទី២ របស់ក្រុមការ​ងារយុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២​៤។

ពីវេទិកាអធិបតី ដែលមានសិក្ខាកាមជ័យលាភីភាគច្រើនជាសិស្ស និងនិស្សិតក្នុងខេត្តព្រៃវែង ជិត ៤០០នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា សម្រាប់បេក្ខជនប្រឡងជ្រើស​រើសនគរបាលជាតិ បេក្ខជនជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រ ឡើងទៅ ចំណែកបេក្ខជន ជាស្ត្រីត្រូវ​មានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រ ឡើងទៅ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទន្ទឹមនឹងការកម្រិតកម្ពស់ថ្មីលើបេក្ខជនទាំងពីរភេទ ក្រសួងម​ហាផ្ទៃ ក៏បានរៀបចំរួចជាស្រេចហើយដែរនូវលិខិតបទដ្ឋាន និងយន្តការគណៈកម្មការ ដើម្បីត្រៀម​អនុវត្តការប្រឡងជ្រើសរើសមន្ត្រីនគរបាល តាមគោលការណ៍ថ្មីប្រកបដោយតម្លាភាព និងចំគោលដៅ ក្នុងនោះក៏រួមទាំងការផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិ និងមានស​មត្ថភាពទាំងឡាយណាដែលមានទីលំនៅក្នុងមូលដ្ឋាន មានតម្រូវការក្របខណ្ឌនោះផ្ទាល់តែម្ដង។

ភ្ជាប់នឹងជ័យលា​ភីទាំង ៣៧៨អង្គ/នាក់ ដែលទទួលការបណ្ដុះបណ្ដាលជំនាញរដ្ឋបាល និងផលិត​វីដេអូតាមទូរសព្ទ និងកុំព្យូទ័រ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្ត​ដល់អ្នកដែលមា​នលក្ខណៈ​សម្បត្តិគ្រប់លក្ខខណ្ឌ ត្រៀម​ចូលរួមប្រឡងយកក្របខណ្ឌន​គរបាលជាតិ នាពេលខាង​មុខ ដោ​យឯកឧត្តម មានក្ដីសង្ឃឹមថា​ សិក្ខាកាមជ័យលាភី ដែលប្រឡង​ជា​ប់ ពិតជាចៀសមិនផុត​ឡើយពីកា​រប្រើជំ​នាញដែលបានរៀនជាមួយក្រុមការងារយុវជនខេត្តព្រៃវែង ដើម្បីស​ម្រួលការងារប្រចាំថ្ងៃ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិ​បាលចុះមូលដ្ឋាន​ខេត្ត​ព្រៃវែង បានកោតសរសើរក្រុមការងា​រយុវជនខេត្ត និងភាគីពាក់ព័ន្ធ ដែលសហការរៀបចំវគ្គ​បណ្ដុះប​ណ្ដាល ដើម្បីផ្ដល់ឱកាសឱ្យសិក្ខាកាមបានសិក្សា​ដោយឥតគិតថ្លៃ និងបញ្ចប់ដោយជោគ​ជ័យដល់​ទៅ ៣៧៨អង្គនាក់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តឱ្យក្រុមការងា​រយុវជនខេត្តព្រៃវែង បន្តរៀបចំវគ្គបណ្ដុះបណ្ដាលនេះ​ឱ្យបានទៀងទាត់ និងប្រកបដោយគុណភាព ដើម្បីរួមចំណែកគាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងធនធា​នមនុស្ស៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button