ព័ត៌មានជាតិ

ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ២ពាន់ដើម ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយ ឯក​ឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព​ជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ លោកអភិបាល ក្រុង ស្រុក យុវជន សស​យក ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បាន​អញ្ជើញចូលរួមដាំដើម​ឈើចម្រុះ នៅអម​សងខាងផ្លូវ ទៅកាន់តំប​ន់រមណីយដ្ឋានធម្ម​ជាតិទឹក​ធ្លាក់​ភ្នំខៀវអូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍ឱ្យដឹងថា៖ ទិវាដាំដើមឈើ គឺជាប្រពៃណីជាតិ និងជាវប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពី​ឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំ​ផុតនៃយើង ក្នុងគោលបំណងបំផុស ចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេស​ដើម្បីថែ​រក្សាការពារ និងបណ្ដុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដូច្នេះក្នុងទិស​ដៅបន្ត​វេន នូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែកក្កដា ប៉ុន្តែពិធីនេះបានអាក់ខានអស់រយៈពេល ២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយ​សា​រស្ថានភាព ការឆ្លងរីករាលជាសាកល នៃជំងឺកូវីដ១៩។

លោកជំទា​វបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន បាន​កំពុងអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងកិច្ច​ការពារ​បរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអេកូឡូស៊ី ដើម្បីលើកកម្ពស់​កិត្យានុពលបៃ​តងជាតិ អោយល្បីល្បាញរន្ទឺ ជាប្រទេសមានការអភិវឌ្ឍន៍បៃតង គម្រូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ា​ស៊ីហ្វិច តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិ​វឌ្ឍបៃតង ឆ្នាំ២០១៣២០៣០។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានធ្វើការអំពាវនាវដល់អង្គការជាតិអន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំង​ទាំង ៣ប្រភេទ និងប្រជាពលរដ្ឋ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការចូលរួម​ថែរ​ក្សាធនធានព្រៃឈើ និងដាំកូនឈើឱ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះដាល រីកចម្រើ​នច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឱ្យមានគម្របព្រៃឈើ ការគ្រប់គ្រ​ងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួ​មជាចាំ​បាច់ ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់ សម្រាប់កិច្ចស​ហការ ក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ ។

បើតាមរបាយការ​ណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អោយដឹងថា៖ ឆ្នាំ២០២៤នេះ ខណ្ឌដ្ឋបាលព្រៃឈើប៉ៃលិន បានកំណត់យកទីតាំងតំបន់រ​មណីយ​ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីប្រារព្ធរុក្ខទិវា ៩ កក្កដា និងដាំដើមឈើចម្រុះ ចំនួន ២០០០ដើម មានដូចជា៖ បេង គ្រញូង នាងនួន ធ្នង់ ក្ងោក ត្របែកព្រៃ ជើងគោ និងសាគូរ៉ា សម្រាប់​ដាំ​ក្នុងពិធីបុណ្យ “ រុក្ខទិវា ” និងចែកជូនតាមអង្គភាពស្ថាប័នជុំវិញខេត្ត សាលារៀន និងប្រ​ជាព​លរដ្ឋដាំតាមមូលដ្ឋានផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button