ពិធីបំពាក់ ឯកសណ្ឋានអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖អ្នកស្ម័គ្រចិត្ត ជាភ្នាក់ងាររបស់កាកបាទក្រហមកម្ពុជា និងជាតំណាងប្រជាពលរដ្ឋរងគ្រោះនៅក្នុងសហគមន៍ ដែលខ្លួនរស់នៅ។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យបានថ្លែងបែបនេះ ក្នុងពិធីបំពាក់ឯកសណ្ឋានអ្នកស្ម័គ្រ ក្រហមកម្ពុជាក្នុងស្រុកព្រះនេត្រព្រះប្រមាណជាង ២០០នាក់ មកពីតាមបណ្ដាភូមិឃុំគោលដៅក្នុងស្រុកព្រះនេត្រព្រះនៅខេត្តបន្ទាយមានជ័យ។
លោក ធូ ស៊ីភណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមក្នុងខេត្តបច្ចុប្បន្នសរុបចំនួន ១៣៣៥នាក់ ក្នុងនោះមានស្រីចំនួន ៥៦៦នាក់ ដោយឡែកស្រុកព្រះនេត្រព្រះមានចំនួន ២៣៦នាក់ ស្រីចំនួន ៧៣នាក់ រីឯក្រុមយុវជនកាកបាទក្រហមទូទាំងខេត្តមានចំនួន ១៥២២នាក់ ស្រីចំនួន៩៧៦នាក់ គ្រូទីប្រឹក្សាចំនួន ៦០នាក់ស្រីចំនួន ១៤នាក់ ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលកំពុងតែអនុវត្តនៃការងារយ៉ាងសកម្មក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះនិងជនងាយរងគ្រោះក្នុងមូលដ្ឋានដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ កាកបាទក្រហមកម្ពុជា បានដាក់ចេញនូវគោលនយោបាយនិងសេចក្ដីណែនាំអំពីការងារស្ម័គ្រចិត្តនិងអ្នកស្ម័គ្រចិត្តដើម្បីគ្រប់គ្រងថែរក្សាទទួលស្គាល់និងលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តគ្រប់គ្នា ពីព្រោះអ្នកស្ម័គ្រចិត្តបានបំពេញតួនាទី មានសារៈសំខាន់ដូចជា អ្នកស្ម័គ្រចិត្ត ជាឆ្អឹងខ្នងរបស់សហគមន៍ អ្នកស្ម័គ្រចិត្ត គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដូចជាកម្លាំងប្រតិបត្តិករចាំបាច់បំផុតនៅមូលដ្ឋាន អ្នកស្ម័គ្រចិត្តទីភ្នាក់ងាររបស់កាកបាទក្រហមកម្ពុជាជាតំណាងរបស់ប្រជាពលរដ្ឋរងគ្រោះនៅក្នុងសហគមន៍របស់ខ្លួន អ្នកស្ម័គ្រចិត្តគឺជាអ្នកក្ដាប់បានពីភាពងាយរងគ្រោះរបស់មូលដ្ឋាន និងស្វែងរកដំណោះស្រាយ អ្នកស្ម័គ្រចិត្ត ជាអ្នកមានវត្តមានមុនគេបង្អស់ ពេលមានគ្រោះមហន្តរាយកើតឡើង អ្នកស្ម័គ្រចិត្តជួយបង្កើតឲ្យមាន ស្មារតីធ្វើការរួមគ្នានៅក្នុងសហគមន៍ អ្នកស្ម័គ្រចិត្តជាដៃគូអភិវឌ្ឍន៍របស់សហគមន៍ និងអ្នកស្ម័គ្រចិត្តជួយលើកកម្ពស់ការយល់ដឹងនិងស្វែងយល់អំពីបញ្ហានានានៅក្នុងសហគមន៍ បញ្ចប់នៃ គណៈធិបតីក៏បានផ្តល់ជូននូវថវិកាមួយចំនួនដល់បងប្អូនដែលជាអ្នកស្ម័គ្រចិត្តដែលបានចូលរួមនៅក្នុងឱកាសនោះផងដែរ៕