មេបញ្ជាការស្ដីទី កងពលតូចថ្មើរជើងលេខ៥១ ត្រួតពិនិត្យ និងប្រគល់ភារកិច្ចដល់កងកម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការស្ដីទី កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ តាមបទបញ្ជាថ្នាក់លើ។
មេបញ្ជាការស្ដីទី កងពល បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ រៀងរាល់ឆ្នាំតែងតែរងគ្រោះដោយទឹកជំនន់ ចាំបាច់ត្រូវការកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានក្នុងស្មារតីរួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ ក៏បានថ្លែងអំណរគណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀប កងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ត្រៀម២៤ម៉ោងលើ២៤ម៉ោង រង់ចាំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
សូបញ្ជាក់ផងដែរ ក្រៅពីកម្លាំងចំណុះ ទីបញ្ជាការកងពល កងកម្លាំងដែលឈរជើងនៅក្រៅអង្គភាព ក៏បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍តាមផែនការផងដែរ៕