ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់សប្បុរស​ជន បន្តចូលរួមវប្បធម៌នៃការចែករំលែក ដោយយកជា​សម្ភារៈប្រើប្រាស់ ឬគ្រឿងឧ​បភោគបរិភោគ មកដាក់ក្នុងផ្ទះបរិច្ចាគ

(ប៉ៃលិន)៖ នា​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឱកា​សអញ្ជើញយ​កអំណោយរប​ស់សប្បុរស​ជន មកដាក់ក្នុង ផ្ទះបរិច្ចាគ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសា​សន៍អំពាវនាវ ដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមបន្តចូលរួ​មការងារមនុស្សធម៌ វប្បធម៌នៃការចែករំលែក ដោយអាចយកជា​សម្ភារៈ​ប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគនេះ ដើម្បីជួ​យដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វប្បធម៌ នៃការចែក​រំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុង​ចំណោ​មប្រជាជនកម្ពុជា ហើយទង្វើដ៏ប្រពៃថ្លៃថ្លានេះទទួបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូន​ប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃមិនអាចកាត់ថ្លៃបាន និងការមិនរើសអើ​ងចំពោះ​ពល​រដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយ ដែលជួបការលំបាក ដូច្នេះកាយវិការដ៏ប្រពៃនេះ បា​នឆ្លាក់ជា​ប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរគ្រប់រូប ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាន៍បន្តថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហ​ន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការ​រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសបានផ្តាំផ្ញើដ​ល់មន្ត្រីមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក្ខដាក់ចំពោះជីវភាពរស់នៅប្រជាពលរដ្ឋ ដោយមិ​នបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានជួយ​ដោះស្រាយនោះ​ឡើយ ។

សូមបញ្ជាក់ថា៖ «ផ្ទះបរិច្ចាគ» ដែលមានទីតាំងចំនួន ៣ គឺទីតាំងទី១នៅមុខសាលាខេត្ត, ទីតាំងទី២នៅផ្សារព្រំ និងទីតាំងទី៣នៅឃុំស្ទឹងត្រង់ ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿង​ឧប​ភោគបរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button