អភិបាលខេត្តប៉ៃលិន ជួយដក និងទិញមើមឆៃថាវ ពីកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង យុវជន សសយក នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានជួយដក និងទិញមើមឆៃថាវ របស់កសិករ ដែលកំពុងជួបបញ្ហាទីផ្សារ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីបងប្អូនបានលើក ដែលកំពុងជួបបញ្ហាទីផ្សារ និងខ្វះកម្លាំងពលកម្ម ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។
លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាកសិករ ដែលដាំដុះ ត្រូវគិតគូរពី ផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានទិញកសិផលយកទៅទទួលទាន គឺត្រូវប្រើជីធម្មជាតិ ដោយមិន ត្រូវប្រើគីមីនោះឡើយ ហើយបើសិនជាមានករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ ជូនដល់មន្រ្តីជំនាញរបស់មន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ខេត្ត ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៍បានមានប្រសាសន៍ជំរុញដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ឲ្យបានញឹកញាប់ ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា ជាពិសេសត្រូវជួយបង្ហាត់ បង្រៀន បច្ចេកទេសពីវិធីដាំដុះ និងថែទាំ ទៅតាមស្តង់ដាទីផ្សារ ទើបកសិផលទាំងនោះ មានការគាំទ្រច្រើនពីអតិថិជន។
ចំណែកប្រជាកសិករ ម្ចាស់ចំការ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលដែលឃើញលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត អញ្ជើញចុះមកសួរសុខទុក្ខពួកគាត់ដល់ចំការតែម្តង ព្រមទាំងបានជួយដក និងជួយទិញមើមឆៃថាវរបស់គាត់ ដែលកំពុងជួបបញ្ហាទីផ្សាររាប់តោនផងដែរ ដូច្នេះពួកគាត់ សូមបួងសួងដល់បារមីវត្ថុសាកសិទ្ធ ក្នុង លោក សូមតាមជួយបីបាច់ថែរក្សាដល់លោកជំទាវអភិបាលខេត្តនិងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច ៕