លោកចៅសង្កាត់អូរជ្រៅ ហាក់បីដូចជាមិនសូវខ្វល់ពីផលប៉ះពាល់ដល់មុខមាត់ច្រក ពិសេសក្រុង និងខេត្ត ខណៈពលរដ្ឋយកចិញ្ចើមផ្លូវជាតិលេខ៥ ក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្នាក់នៅយ៉ាងរំភើយដូចគេធ្វើជំរំស្នាក់នៅតាមព្រៃភ្នំអញ្ចឹង
(បន្ទាយមានជ័យ) នៅតាមអមសងខាងផ្លូវជាតិលេខ៥ ចាប់ពីក្បែរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ការ៉ាសសាំងខាងមុខវត្តបាលិលេយ្យ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គេសង្កេតឃើញថា មានពលរដ្ឋប្រុសស្រីរួមទាំងក្មេងផងដែរ បានយកមេឃធ្វើជាដំបូលស្នាក់នៅខ្លះប្រក់ប៉ាតង់ឬកៅស៊ូ និងក្រណាត់ពីលើ ដាក់ហាលសំលៀកបំពាក់រយេរយោង ព្រមទាំងមានចាន ឆ្នាំង ធុង កាធុនជាដើម ដូចគេធ្វើជំរំស្នាក់នៅតាមព្រៃ ឬព្រៃភ្នំអញ្ចឹង ។
ករណីខាងលើនេះមិនមែនជាលើកទីមួយទេ ពោលគឺរយៈការកន្លងមកនេះមានពលរដ្ឋមិនដឹងជាមកពីខាងណានោះទេខ្លះដេកផ្ទាល់ដី ខ្លះក៏បោះបង្គោល ខ្លះទៀតមានរទេះ ប្រក់ប៉ាតង់ឬកៅស៊ូ និងក្រណាត់ពីលើ មានទាំងក្មេង ចាស់ ប្រុសស្រី ដេកយ៉ាងរំភើយនៅតាមចិញ្ចើមផ្លូវអមសងខាងបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលើ ថែមទាំងនៅខាងមុខវត្តបាលិលេយ្យថែមទៀតផង ក្រោយមកអាជ្ញាធរសង្កាត់អូរជ្រៅ សហការជាមួយកម្លាំងនគរបាលក្រុង បានចុះធ្វើការណែនាំ និងបាននាំពួកគាត់យកទៅដាក់កន្លែងដែលសមគួរជាហូរហែហើយដែរ តែពេលនេះក៏ស្រាប់តែមានមកសារជាថ្មីទៀតគឺនៅចំណុចក្បែរការ៉ាសសាំងខាងមុខបញ្ឆិតខាងកើតវត្តបាលិលេយ្យ ,នៅខាងមុខជាប់របងវត្ត , ទល់មុខបញ្ឆិតខាងលិចស្ថានីយ៍រថភ្លើងក្រុង និងខាងមុខស្របរបងគយ ក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
ដោយឃើញសកម្មភាពបែបនេះយូរថ្ងៃមកហើយនោះភ្នាក់ងារយើងបានជំរាបផ្ទាល់មាត់ជូនសមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ មួយសប្តាហ៍ជាងរួចមកហើយដែរ គាត់ប្រាប់ថា នេះជារឿងដដែលៗមិនដឹងជាយកពួកគាត់ទៅដាក់កន្លែងណាទៀតនោះទេដូចចាប់ក្តាមដាក់ចង្អេរអញ្ចឹងនោះ។
ដោយឡែកលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ ភ្នាក់ងារយើងបានរាយការណ៍តាមបណ្ដាញតេឡេក្រាមផ្ញើទាំងរូបភាពវីដេអូរនិងសំឡេង ជម្រាបជូន នាថ្ងៃទី២៤ ខែកក្កដា ហើយដែរលោកបានត្រឹមតែចូលមើលមិនឆ្លើយតប រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ។សូមបញ្ជាក់ផងដែរថា លោកចៅសង្កាត់រូបនេះ រយៈការកន្លងមកអ្នកសារព័ត៌មានយើងខលទូរសព្ទដើម្បីសុំការបំភ្លឺណាមួយពាក់ព័ន្ធទៅនឹងមូលដ្ឋានរបស់លោក និងរាយការណ៍ជូនដូចករណីខាងលើនេះជាដើម តែខលចូលមិនដែលលើក។
ដូច្នេះស្នើឱ្យលោកអភិបាលក្រុងប៉ោយប៉ែត ធ្វើការដុះក្អែលលោក វ៉ាជឹមណារ៉េត ចៅសង្កាត់អូរជ្រៅនេះផងទានដើម្បីឱ្យស្របតាមប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ ឲ្យអាជ្ញាធរចូលរួមសហការជាមួយអ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
ពាក់ព័ន្ធករណីខាងលើនេះដើម្បីបញ្ជៀសការទិទៀនរិះគន់ណាមួយពីមហាជន ពិសេសប្រទេសជិតខាងដូចដែលភ្នាក់ងារយើងចាំមិនភ្លេចទេ ក្នុងអំឡុងប្រទេសយើងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅស្តាតអូឡាំពិចកាលពីកន្លងទៅនេះឃើញថា មានការរិះគន់យ៉ាងចាស់ដៃពីរជនប្រទេស(ប្រទេសថៃ)ពាក់ព័ន្ធទៅនឹងសំរាម ដូច្នេះដើម្បីបញ្ជៀសផលប៉ះពាល់បែបនេះទៀតនោះសូមស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ណែនាំឬនាំពួកគាត់យកទៅដាក់កន្លែងដី ឬផ្ទះទំនេរណាមួយឲ្យផុតពីផ្លូវជាតិលេខ៥ ដែលជាច្រកទ្វារអន្តរជាតិ
ពិសេសក៏សូមស្នើ្យលោកអភិបាលក្រុងប៉ោយប៉ែត និងឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ដាក់ក្រុមការងារចុះពិនិត្យ ដោះស្រាយបញ្ហាខាងលើនេះឱ្យបានទាន់ពេលវេលាផងទាន ដោយសារសកម្មភាពនេះវាជះឥទ្ធិពលនិងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុង ខេត្ត ពិសេសប្រទេសយើងទាំងមូលផងដែរ ព្រោះថាចំណុចលើនេះជាច្រកទ្វារអន្តរជាតិ វាមានទាំងភ្ញៀវជាតិនិងអន្តរជាតិចម្រុះគ្រប់ពូជសាសន៍ ពណ៌សម្បុរទាំងអស់ ចេញចូលនិងស្នាក់នៅយ៉ាងច្រើនកុះករផងដែរក្នុងមួយថ្ងៃទៅមួយថ្ងៃនោះ៕