ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យថ្នាក់ដឹកនាំគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឱ្យខាងតែបាន។

ថ្លែងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយត្រូវតែឈានដល់ការបោសសម្អាតគ្រឿងញៀននៅកម្ពុជា ពិសេសការដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ០១បប «សម្អាតចកចេញពីបឹង» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា ស្ថានភាពគ្រឿងញៀននៅកម្ពុជា មានការវិវត្តប្រែប្រួលយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ ដោយបរិមាណគ្រឿងញៀន ដែលសមត្ថកិច្ច បង្ក្រាបបាន មានចំនួនកាន់តែច្រើនជារៀងរាល់ឆ្នាំ, ការកែច្នៃ ផលតក្នុងរូបភាពទ្រង់ទ្រាយធំ ក៏ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់, ប្រភេទគ្រឿងញៀន ដែលបានកែច្នៃផលិត និងប្រើប្រាស់ភាគច្រើនជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន, ការថយចុះនូវវត្តមានប្រភេទគ្រាប់ និងកើនឡើងនូវវត្តមានប្រភេទ ICE ដែលកាន់តែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ សម្រាប់អ្នកប្រើប្រាស់។

ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាគោលការណ៍ណែនាំនិងផែនការនានាសំដៅធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ក្នុងនោះរួមមាន ៖ ផែនការជាតិស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន, គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, សេចក្ដីណែនាំស្តីពីការរៀបចំយន្តការត្រួតពិនិត្យគ្រឿងញៀនថ្នាក់រាជធានី ខេត្ត ដល់ខណ្ឌ ក្រុង/ស្រុក និងសង្កាត់/ឃុំ, បទបញ្ជាលេខ ០១បប ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងសេចក្តីព្រាងគោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀន។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវខ្លឹមសារបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ស្របតាមទិសស្លោក ៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំបន្ថែមឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវសហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំការផ្សព្វផ្សាយ អប់រំ និងបណ្តុះបណ្តាលជនបង្គោលនៅក្នុងអង្គភាពរបស់ខ្លួន សំដៅឱ្យគ្រប់មន្រ្តីទាំងអស់ ទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីការពារទាំងខ្លួនឯង និងសមាជិកក្រុមគ្រួសារីអន្ទាក់នៃគ្រឿងញៀន និងធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំនៅតាមគោលដៅកម្សាន្តនានាដែលជាទីពេញនិយមរបស់យុវវ័យ ដូចជា៖ នៅតាមផ្សារទំនើប ក្លឹបកម្សាន្ត KTV និងរោងភាពយន្តជាប់ប្រចាំ ដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីឥទ្ធិពលអវិជ្ជមានពីការប្រើប្រាស់គ្រឿងញៀន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button