ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំណេះសំណាល និងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំកងកម្លាំងចំណុះគណៈបញ្ជាការឯកភាព ចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងជាមួយអាកាសយានិក ២រូប កាលពីថ្ងៃទី១២ ខែកក្កដា និងត្រូវបានរកឃើញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរប្រកបដោយក្ដីស្ញប់ស្ញែងខ្ពស់ចំពោះកម្លាំងប្រតិបត្តិការទាំងមូល និយាយជារួម និងដោយឡែកកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ រីដា ិបាល នៃគណៈអភិបាលខេត្ត ដែលជម្នះឧបសគ្គចូលរួមក្នុងកិច្ចប្រតិបត្តិការយ៉ាងសកម្ម តាំងពីដំបូង រហូតដល់ការបិទបញ្ចប់។
ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រមជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានបាត់បង់ស្វាមី កូន និងឪពុក ព្រមទាំងចូលរួមរំលែកទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដែលបានបាត់បង់ធនធានមនុស្សដ៏ល្អក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាសនៃក្រសួងការពារជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានចាត់នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាំយកអំណោយ ទៅប្រគល់ជូនឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់បេសកកម្មរុករកឧទ្ធម្ភាគចក្រ រួមមាន អង្ករ ៧តោន ត្រីខកំប៉ុង ៤០កេសធំ មី ៣៥កេសធំ អាវភ្លៀង ១០០កំប្លេរ និងតង់ធំ ១ គិតជាទឹកប្រាក់សរុប ៤០លានរៀល៕