ខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ
(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនកាលលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រជុំពិនិត្យ និងពិភាក្សា លើការងារត្រៀមរៀបចំការប្រារព្ធពិធីអបអរសាទរ «ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅបរិវេណវិមានឯករាជ្យខេត្ត ស្ថិតក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិនដោយគ្រោងអ្នកចូលរួមជាង ៣ពាន់នាក់ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបពិភាក្សាបែងចែកភារកិច្ច ដើម្បីរៀបចំពិធីអបអរសាទរ «ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងការធានាដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ដែលសាកសមជាព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត ប្រកបដោយមោទកភាព ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្ពុជា ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដោយស្របតាមសេចក្ដីណែនាំ និងការជូនដំណឹងពីគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ និងដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍បើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ អោយបានអធឹកអធម រដ្ឋបាលខេត្តប៉ៃលិន បាន គ្រោង រៀបចំ នូវ ផ្ទាំង ប៉ា ណូ បដាបណ្ដា ពាក្យស្លោក ស្គរជ័យ ភ្លេងពិណពាទ្យ ឧបករណ៍បំពងសំឡេង និងសមាសភាពអ្នកចូលរួមជាង ៣ពាន់នាក់ ហើយ នៅពេលរាត្រី ក៏មានការរៀបចំបាញ់កាំជ្រួចអបអរសាទរ ព្រមទាំងដាក់ ទូរទស្សន៍ផ្សាយបន្តផ្ទាល់ខ្នាតធំ ពីរាជធានីភ្នំពេញ ចំនួន ៤ទីតាំង ដោយក្នុងក្រុងប៉ៃលិន ២ទីតាំង និងស្រុកសាលាក្រៅ ២ទីតាំង ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ព្រែកជីហ្វូណនតេជោ ដែលជាផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ហើយព្រែកជីនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ ដូចជា៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍ៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ព្រមទាំងជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ។
សូមរំលឹកថា៖ នាថ្ងៃបើកការរដ្ឋាន ព្រែកជីកហ្វូណនតេជោ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ស្ថានប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទូទាំងប្រទេស ត្រូវគោះជួង និងទូងស្គរ ព្រមៗគ្នានៅវេលាម៉ោង៩ព្រឹក ស្របពេលដែល សម្តេច ចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិ ដ៏ធំបំផុតមួយ ៕