កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច (ម៉ូតូ-ទូរសព្ទ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុ ភុត ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច (ម៉ូតូ–ទូរសព្ទ) កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចយានដ្ឋាន ជា កុយ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើតតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សិក មុំ ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួកធ្លាប់ធ្វេីសកម្មភាពចំនួន០២លើក គឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានលួចទូរសព្ទ ហើយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយយកលុយចែកគ្នា ដេីម្បីទិញគ្រឿងញៀនមកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកម៉ូតូត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕