លោក លី សារី និងក្រុមការងារ ចុះពិនិត្យមើលគ្រឿងចក្រ គៀកិនផ្លូវគ្រោះក្រហម១ខ្សែ ដែលមានប្រវែង ៣៥០០ម៉ែត្រ នៅឃុំបន្ទាយនាង
(បន្ទាយមានជ័យ)៖ដើម្បីឆ្លើយតបតាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពីផលលំបាកក្នុងការធ្វើដំណើរ លោក លី សារី ប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី និងជាអភិបាលរងខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរី និងលោក ឈូ ប៊ុនរឿង ប្រធានក្រុមការងារចុះជួយឃុំបន្ទាយនាង និងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលគ្រឿងចក្រគៀកិន ផ្លូវគ្រោះក្រហម១ខ្សែ ដែលមានប្រវែង ៣៥០០ម៉ែត្រ ស្ថិតក្នុងភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
លោក រ័ត្ន ដាស៊ីណង បានមានប្រសាសន៍ថា៖ ផ្លូវ១ខ្សែដែលមានប្រវែង៣៥០០ម៉ែត្រ កំពុងយកគ្រឿងចក្រគៀកិននេះ គឺចាប់ផ្តើមពីភូមិគោកព្នៅ ឃុំបន្ទាយនាង ដោយឆ្លងកាត់ចំនួន៣ភូមិ មានប្រជាពលរដ្ឋរស់នៅ១៩២៧គ្រួសារ ឆ្ពោះទៅពោធិ៍ពីដើម ស្ថិតក្នុងភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ដើម្បីបំពេញតាមសំណូមពរ និងសម្រួលដល់ការធ្វើដំណើរបណ្ដោះអាសន្នសិន។
ថ្លែងក្នុងការចុះពិនិត្យលោក លី សារី ប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី បានមានប្រសាសន៍លើកឡើងថា៖ តាមរយៈផ្លូវមួយខ្សែនេះ គឺវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូន ធ្វើដំណើរឆ្លងកាត់ប្រកបរបររកស៊ី ក៏ដូចជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗ។ជាពិសេសសិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រ។ជាក់ស្ដែងនារដូវភ្លៀងធ្លាក់ គឺវាពិបាកក្នុងការធ្វើដំណើរទៅមក តែពេលនេះបងប្អូនប្រជាពលរដ្ឋលែងមានការព្រួយបារម្ភទៀតហើយ ព្រោះយើងធ្វើការគៀកិន ដែលដំណើរការនៃការស្ថាបនា និងរួចរាល់ហើយ។
ជាមួយគ្នានោះលោកក៏បានធ្វើការណែនាំ និងសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ថែទាំផ្លូវមួយខ្សែនេះ ឱ្យបានឋិតថេរ ដើម្បីឱ្យមាននិរន្តរភាពប្រើប្រាក់បានយូរអង្វែង ព្រោះមានស្ពាន មានផ្លូវមានក្តីសង្ឃឹម មានការរីកចម្រើន។
លោក លី សារី អំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមខ្លួនដើម្បីទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានឈ្នះ ជាបន្តទៀតដើម្បីបន្តសម្រេចបាននូវវឌ្ឍនភាពថ្មីៗជូនដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕