ផ្លូវបេតុងជាច្រើនកន្លែង នៅទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត រងការខូចខាតយ៉ាងដំណំ ទំនងអាចមកពីរថយន្តធុនធំប្រភេទសណ្ដោង ដឹកទំនិញធ្ងន់ៗ ពិសេសដឹកចូលនៅពេលកំពុងភ្លៀង និងក្រោយភ្លៀងធ្លាក់ទឹកជន់លិច
(បន្ទាយមានជ័យ) ក្នុងឆ្នាំ២០២៤នេះឃើញថា ផ្លូវបេតុងជាច្រើនខ្សែ និងច្រើនកន្លែងនៅទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត ពិសេសក្នុងសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែតតែម្ដង រងការខូចខាតយ៉ាងដំណំ ដោយកន្លែងខ្លះអាជ្ញាធរបានយកលូទៅដាក់បាំងជារនាំងហាមរថយន្តធុនធំបើកចូលថែមទៀតផង ។ផ្លូវដែលកំពុងទ្រុឌទ្រោម រងការខូចខាតយ៉ាងដំណំនេះ ទំនងអាចមកពីរថយន្តធុនធំប្រភេទសណ្ដោងដឹកទំនិញ ពិសេសដឹកសម្ភារៈគ្រឿងសំណង់ធ្ងន់ៗចូល នៅរដូវវស្សាក្នុងអំឡុងពេលកំពុងភ្លៀង និងក្រោយភ្លៀងធ្លាក់ទឹកជន់លិច ។មិនត្រឹមតែប៉ុណ្ណោះ ក៏មានរថយន្តធុនតូចដឹកសម្ភារៈសំណង់ និងម៉ូតូកង់បីដឹកជញ្ជូនដែកអូសនៅលើទ្រូងផ្លូវយ៉ាងអាណាធិបតេយ្យងដែរ ។ទាំងនេះក៏អាចជាចំណែកមួយធ្វើឲ្យខូចខាតផ្លូវ ដោយមិនដឹងពីមូលហេតុនាពេលអនាគត ។
យើងដឹងហើយថា នៅក្នុងក្រុងប៉ោយប៉ែត បច្ចុប្បន្នកំពុងតែមានការអភិវឌ្ឍន៍រីកលូតលាស់យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ពិសេសវិស័យអចលនទ្រព្យនិងវិស័យសំណង់តែម្តង ពីមួយថ្ងៃទៅមួយថ្ងៃមានការដឹកជញ្ជូនសម្ភារៈសំណង់យ៉ាងក៏គ្រឹកគគ្រេងតាមរថយន្តធុនតូច និងធន់ធំប្រភេទសណ្ដោងជាដើម ។ប៉ុន្តែទន្ទឹមនឹងនេះ ក៏គួរតែពិចារណាទៅលើការខូចខាតផ្លូវសាធារណៈ ព្រោះថា ការធ្វើផ្លូវនីមួយៗក៏ជាការចូលរួមចំណែករបស់ប្រពលរដ្ឋផងដែរ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋបានស្នើសុំឲ្យថ្នាក់ដឹកនាំដាក់មន្ត្រីជំនាញចុះធ្វើការពិនិត្យទប់ស្កាត់លើរថយន្តធុនធំប្រភេទសណ្ដោងដឹកទំនិញធ្ងន់ៗចូលក្នុងទីប្រជុំជនក្រុង ពិសេសនៅពេលភ្លៀងនិងក្រោយភ្លៀងធ្លាក់តែម្ដង ដើម្បីបញ្ចៀសការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរជាងនេះទៀត ហើយម្យ៉ាងវិញទៀតបង្កឲ្យមានការកកស្ទះ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងពិនិត្យជួយសម្រួលជួសជុលផ្លូវដែលរងការខូចខាតទាំងនេះឡើងវិញផង ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ពិសេសបញ្ជៀសការគ្រោះថ្នាក់ជាយថាហេតុណាមួយ នាពេលយប់ផងដែរ ៕