ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា
(ប៉ៃលិន)៖ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ដោយមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអតីតយុទ្ធជន ប្រមាណជាង ៧០០នាក់ ។
បន្ទាប់ពីលោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត អានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន បានមានប្រសាសន៍លើកឡើងថា៖ ការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជានេះ ក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ហើយការប្រារព្ធទិវានេះ ក៏បង្ហាញឱ្យឃើញអំពីគុណូបការៈរបស់អតីតយុទ្ធជនក្នុងការលះបង់ ប្ដេជ្ញា និងមានឆន្ទៈមោះមុតក្នុងការស្នេហាជាតិមាតុភូមិ ការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គមសំដៅដល់ការធានា ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បន្តថា៖ លើសពីនេះ ការប្រារព្ធទិវា ក៏បង្ហាញឱ្យឃើញអំពីការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតបស្នងសងគុណដល់អតីតយុទ្ធជន ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ និងឈាម ស្រស់ក្នុងការប្រយុទ្ធតស៊ូ ប្តូរផ្តាច់ និងពលិកម្មដើម្បីដណ្ដើមយកសុខសន្តិភាព ស្ថិរភាពសង្គមជូន ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងចង់ឱ្យអ្នកជំនាន់ក្រោយយកគំរូតាមអតីតយុទ្ធជន ក្នុងការបន្តរក្សា សុខសន្តិភាព ស្ថិរភាពសង្គម និងជួយបន្តឆន្ទៈមនសិការស្នេហាជាតិ ដោយរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អុី ឈាន ក៏បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្អែកលើគុណបំណាច់ខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់អតីតយុទ្ធជន ពិសេសការដាក់ឱ្យអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន ដោយយកចិត្តទុក ដាក់ដោះស្រាយជីវភាពតាមរយៈការផ្តល់ជាថវិកា និងសម្ភារៈជាបន្តបន្ទាប់ ហើយបច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩,០៣៤នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៤៩,០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ដែលប្រាក់របបេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ដោតការយកចិត្តទុកដាក់ និងផ្ដល់នូវការគាំពារជាបន្ដបន្ទាប់ដល់អតីតយុទ្ធជនកម្ពុជា ដើម្បីជាការតបស្នងនូវអ្វីដែលអតីតយុទ្ធជនបានលះបង់សម្រាប់មនុស្សជំនាន់ក្រោយ។
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិនមានសមាជិកចំនួន ១,៤៣១នាក់ ស្រី ១៩៨នាក់ ដោយក្រុងប៉ៃលិនមានចំនួន ៩៤១នាក់, ស្រីចំនួន១៣៨នាក់ និងស្រុកសាលាក្រៅមានចំនួន ៤៩០នាក់, ស្រីចំនួន ៦០នាក់ ក្នុងនោះ ជនពិការចំនួន ៨១១ នាក់, ស្រីចំនួន ២១នាក់ និវត្តជនចំនួន ៤៤៦ នាក់, ស្រីចំនួន ១៨នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន ១៥ នាក់, ស្រីចំនួន ០០នាក់ គ្រួសារជនពលី ចំនួន ១២៩ នាក់, ស្រីចំនួន ១២៩នាក់ គ្រួសារជនមរណៈចំនួន ៣០ នាក់, ស្រីចំនួន ៣០នាក់ មុខសញ្ញាមានដី គ្មានផ្ទះចំនួន ០៤ គ្រួសារ និងមានដី មានផ្ទះមិនសមរម្យចំនួន ០៦ គ្រួសារ ហើយដោយមានការឧបត្ថម្ភពីសប្បុរសជន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នឹងសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងឆ្នាំ២០២៤ ចំនួន ៥ខ្នង និងនៅឆ្នាំ២០២៥ ចំនួន ៥ខ្នង ដោយមួយខ្នងៗតម្លៃ ៤៥០០ដុល្លា៕