តើអាជ្ញាធរក្រុងប៉ោយប៉ែត បន្តអនុវត្តច្បាប់កាត់សំយាបបន្តទៀតទេ? បើលោក ង៉ោ ម៉េងជ្រួន មានតួនាទីជាអភិបាលរងខេត្ត ធ្វើជាគំរូអាក្រក់ដល់ពលរដ្ឋ សាងសង់តូបជួលរំលោភលើដីចំណីផ្លូវសាធារណៈនោះ
(បន្ទាយមានជ័យ) លោក ង៉ោ ម៉េងជ្រួនអភិបាលរង ខេត្តបន្ទាយមានជ័យ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋ រឿងអាងអំណាចបំពានលើច្បាប់សាងសង់តូបជួលឲ្យអាជីវករលើដីចំណីផ្លូវសាធារណៈ នៅក្នុងភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។
នេះគឺជាគំរូដ៏អាក្រក់ដល់ប្រជាពលរដ្ឋ ខណៈដែលកន្លងមកនេះអាជ្ញាធរក្រុងនិងកម្លាំងសមត្ថកិច្ចចម្រុះ រួមនឹងព្រះរាជអាជ្ញារងផងដែរ បានចុះរៀបចំសណ្ដាប់ធ្នាប់និងកាត់សំយាប ស្លាកយេហោផ្សេងៗដែលប្រជាពលរដ្ឋសាងសង់និងលក់ដូររំលោភលើចំណីផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុង រហូតទុកពេលចាប់ពី១០ថ្ងៃ ដល់ពីសប្តាហ៍ បើមិនព្រមរួសរើសទេ អាជ្ញាធរនិងធ្វើការរុះរើសដោយខ្លួនឯង ក្នុងករណីខូចខាត៉ះពាល់ណាមួយមិនទទួលខុសត្រូវថែមទៀតផង។ ហើយក្នុងវិធានការនោះអាជ្ញាធរក៏បានប្រកាសមិនអនុញ្ញាតឲ្យដាក់ទំនិញឬរបស់របបប្រើប្រាស់ផ្សេងៗនៅលើកន្លែងដែលធ្វើការកាត់ឬ រួសរើរួចហើយផងដែរ បើពុំដូច្នោះទេអាជ្ញាធរនឹងប្រមូលយកទៅទុកទាំងអស់ ក្រោយមកក៏មានការស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែពេលនេះក៏ស្រាប់តែលោក ង៉ោ ម៉េងជ្រួន មានតួនាទីជាអភិបាលរង ខេត្ត ហើយក៏ជាអ្នកអនុវត្តច្បាប់ថែមទៀតផងនោះ បែរជាសាងសង់តូបជួលឱ្យអាជីវកររំលោភលើដីចំណីផ្លូវសាធារណៈយ៉ាងរំភើយ ដោយមិនខ្វល់ពីការរិះគន់ពីមហាជនឡើយ រហូតមកដល់ពេលនេះសាងសង់បានជាងពាក់កណ្ដាលទៅហើយមិនឃើញអាជ្ញាធរចុះណែនាំឬមានវិធានការឡើយ សង្ស័យខ្លាចអំណាចរបស់អភិបាលរង ខេត្តរូបនេះហើយមើលទៅ។
ការសាងសង់តូបលើកដីចំណីផ្លូវសាធារណៈរបស់លោក ង៉ោ ម៉េងជ្រួន រូបនេះក្រោមហេតុផល ធ្វើដើម្បីលើកសោភ័ណភាពក្រុងឲ្យបានស្រស់ស្អាតមួយកំរិតទៀត។តែទោះយ៉ាងនេះក្តីមហាជនបានសម្ដែងការមិនសប្បាយចិត្តព្រោះថាការអនុវត្តច្បាប់របស់អាជ្ញាធរក្រុងមិនស្មើភាពគ្នា ពោលគឺអនុវត្តតែប្រជាពលរដ្ឋ សម្រាប់អ្នកមានលុយ មានអំណាចធ្វើបានតាមចិត្ត ។ដូច្នេះសង្ឃឹមថា ឯកឧត្តមអភិបាលខេត្តនឹងមានវិធានការចំពោះបញ្ហាខាងលើនេះ ដើម្បីបញ្ចៀសការរិះគន់ពីមហាជន ខឹងបុគ្គលវាយប្រហារដល់ថ្នាក់ដឹកនាំ មិនខុសអ្វីដែលពាក្យចាស់លោកពោលថាខឹងគោវ៉ៃរទេះនោះឡើយ៕