ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​សុខាភិបា​ល ចុះពិនិត្យមើលស្ថានភា​ពវិស័យសុខាភិបា​លនៅខេត្តប៉ៃលិន

(ប៉ៃលិន) ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល អមដំណើរ ដោយ លោកជំ​ទាវបណ្ឌិត​ បាន ស្រីមុំ ​អភិបាលនៃ​គណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល សួរ​សុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តីរា​ជការ និងបុគ្គលិកសុខាភិបាល នៅក្នុងខេត្ត ​នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២​០២៤ ព្រម​ទាំងចុះពិនិត្យមើ​លការផ្តល់សេវាសុខា​ភិបាល នៅតាម មណ្ឌលសុខភាព និងមន្ទីរ​ពេទ្យ​បង្អែក​ផងដែរ

ជាកិច្ចស្វាគមន៍​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន​មានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាល​ជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែល​បានឆ្លៀតពេលវេលាដ៏មានត​ម្លៃ អញ្ជើញចុះមក សួរសុខទុក្ខ និងឧបត្ថម្ភគាំទ្រ ដល់វិស័យសុខាភិ​បាលក្នុងខេត្តប៉ៃ​លិន ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ​សមស្របទៅនឹង យុទ្ធ​សាស្ត្របញ្ចកោណ​ តំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានស​ម្តេចម​ហា​បវរធិប​តី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

លោកជំទាវបណ្ឌិ​តអភិបាលខេត្ត បានមានប្រសាសន៍លើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ជាពិសេ​សមន្រ្តីជំ​នាញសូម បន្តខិតខំបំពេញតួនាទីតាមជំនា​ញរបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ បើទោះបីបំពេញការងារនៅ​ទីណាក៏ដោយ ដើម្បីស្របតាមគោ​លនយោបាយរាជរដ្ឋាភិបាល ក្នុងកា​រពង្រាយមន្រ្តីសុខាភិបាល​នៅតាមមូលដ្ឋាន ឱ្យនៅគៀកជាមួយ ប្រជាពលរដ្ឋ ក្នុងគោលដៅលើ​កកម្ពស់សេវាសុ​ខាភិបាល និងសុខភាពសហគមន៍ នៅខេត្តប៉ៃលិន និងទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសំ​ណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរ​សុខាភិបាលខេត្ត ប៉ៃលិន ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៍បានមានប្រ​សាសន៍ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ​ដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដ​ល់មន្រ្តីសុខាភិបាលគ្រប់ លំដាប់ថ្នាក់ ព្រមទាំងធ្វើកា​រចាប់​អារម្មណ៍ ពីការពិនិត្យមូលដ្ឋាន សុខាភិបាលនៅខេត្តប៉ៃលិន និងបានវាយតម្លៃខ្ពស់ពីភាពរីកចម្រើន ទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ, ការរៀប​ចំសណ្តាប់ធ្នាប់, សម្ភារៈបរិក្ខារ វេជ្ជសាស្រ្ត និងធនធា​នមនុស្ស ដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាដល់ការបម្រើ សេវា ជូនប្រជាព​លរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ក្នុងឱកាស​នោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៍បានមានប្រសាសន៍ថ្លែងការកោតសរសើរ និងវាយតម្លៃ​ខ្ពស់ ចំពោះការខិត ខំប្រឹង ប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ និងមន្រ្តី សុខា​ភិបាលទាំងអស់ ដែលបានពិនិត្យ និង ព្យាបាល ជម្ងឹជូនប្រជាពលរដ្ឋ ដោយមិន្លាចីកា​រនឿ​យ​ហត់ មិនគិតថ្ងៃឈប់សម្រាកយប់ឬថ្ងៃ គឺនៅតែប្រកាន់ខ្ជាប់ នូវក្រម សីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ដែលបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាល។

បើតាមរបា​យការណ៍របស់ លោកអនុបណ្ឌិត ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថ្មី បាន​ឱ្យ​ដឹង​ថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុង​នោះ​នៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button