រដ្ឋបាលខេត្តបន្ទាយមាជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្ដីពីកិច្ចការពារពិនិត្យបញ្ជីឈ្មោះចុះឈ្មោះបោះឆ្នោត ថ្នាក់ជាតិក្រោមជាតិប្រចាំឆ្នាំ២០២២ ២០២៤
(បន្ទាយមានជ័យ)៖យោងសេចក្ដីសម្រេចលេខ ១១ សសរ ចុះថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២ ស្ដីពីការបង្កើតលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតចាប់ពីឆ្នាំ ២០២២ដល់២០២៤ ដោយពិនិត្យតាមការចាំបាច់នោះរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្ដីពីកិច្ចការពារពិនិត្យបញ្ជីការចុះឈ្មោះបោះឆ្នោត ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិប្រចាំឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទគឺឈរលើគោលការណ៍អព្យាក្រឹត្យ និងក្រមសីលធម៌សម្រាប់ចូលរួមការពារសន្តិសុខ ក្នុងការបោះឆ្នោត ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសកម្លាំងសមត្ថកិច្ចនិងត្រៀម ការពារសន្តិសុខក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បន្តថា មុខសញ្ញាគោលដៅដែលត្រូវការពារ យន្តការនិងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ត្រូវចាត់ចែងភ្នាក់ងារសន្តិសុខបោះឆ្នោត ការពារមុខសញ្ញានិងគោលដៅសំខាន់ៗ តាមសំណូមពរចាំបាច់របស់ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ចំពោះមុខសញ្ញាឬគោលដៅខ្លះ គួរត្រូវបានរៀបចំការពារជារួម។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងធ្វើដំណើរទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមម្លប់សន្តិភាពធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋ បើទោះបីជាព្រះរាជាណាចក្រកម្ពុជា កំពុងតែសកម្មផុលផុសក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតកូវីដ19 ក៏ដោយ។
ឯកឧត្តមបន្តថា អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ត្រូវអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ការផ្ដល់សុពលភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិនីមួយៗជាបន្តបន្ទាប់ ដែលដំណើរការរៀបចំនេះត្រូវចាប់ផ្ដើមពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ មានដូចតទៅ
– ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ (នៅថ្ងៃអាទិត្យទី ០៥ ខែមិថុនាឆ្នាំ ២០២២)។
– ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ (ដើម្បីរៀបចំបញ្ជីបោះឆ្នោតបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧)។
– ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។
– ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣។
– ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤។
– ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤ ឆ្នាំ ២០២៤ ៕