ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខ ជនរងគ្រោះដែលកំពុងបន្សាបគ្រឿងញៀនរៀនចំណេះជំនាញនៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់

(បន្ទាយមានជ័យ) ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមនឹងគណៈប្រតិភូ អមដំណើរដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំនៃមន្ទីរ ស.អ.យ ខេត្ត ព្រមទាំងអភិបាលក្រុង ស្រុក តំណាងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ផងនោះ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយជនរងគ្រោះដែលកំពុងបន្សាបគ្រឿងញៀននិងរៀនមុខវិជ្ជាចំណេះជំនាញផ្សេងៗ នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ សំណេះសំណាលនឹងធ្វើការផ្ដាំផ្ញើដល់ប្អូនៗក្មួយៗទាំងអស់ ត្រូវព្យាយាមខំប្រឹងបន្សាបគ្រឿងញៀន និងចាប់ឱកាសរៀនសូត្រនូវចំណេះជំនាញ នៅក្នុងមណ្ឌលនេះឲ្យបាន នៅពេលចេញទៅវិញនឹងមានចំណេះជំនាញទៅប្រកបរបររកទទួលទានដើម្បីជីវភាពគ្រួសារនាពលថ្ងៃអនាគត ហើយដាច់ខាតជៀសឆ្ងាយពីគ្រឿងញៀន មិនត្រូវចេញទៅហើយត្រឡប់មកវិញជាដាច់ខាត។

ជាមួយគ្នានោះប្អូនៗក្មួយៗទាំងអស់បានប្ដេជ្ញាចិត្តយ៉ាងមោះមុត មិនឱ្យឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ដែលជាឪពុកម្ដាយអស់សង្ឃឹមឡើយ ។ដោយប្ដេជ្ញាមិនប្រើប្រាស់គ្រឿងញៀនជាដាច់ខាត, ប្ដេជ្ញាគោរពតាមទូន្មានអាណាព្យាបាលមាតាបិតា ,ប្ដេជ្ញាធ្វើជាកូនល្អចាប់ពីពេលនេះតទៅ ,ប្តេជ្ញាមិនសេពគប់មិត្តភក្កិមិនល្អ ,ប្ដេជ្ញាឆ្លើយថាទេចំពោះគ្រឿងញៀន ,ប្ដេជ្ញាធ្វើជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិនាពេលថ្ងៃអនាគត ។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក៏បាន ពាំនាំនូវអំណោយមួយចំនួនធំមានដូចជា អង្ក ទឹកត្រី ទឹកស៊ីអុីវ កន្ទេល មុង ទឹកក្រូច មី និងត្រីខ ប្រគល់ជូនមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ទុកសម្រាប់ផ្គត់ផ្គង់ផងដែរ។ទន្ទឹមនោះប្រធានគ្រប់គ្រង , បុគ្គលិក និងជនរងគ្រោះដែលកំពុងបន្សាបគ្រឿងញៀនក៏ដូចជាសិក្សាចំណេះជំនាញនៅក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ទាំងមូលបានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ពួកគាត់ និងគោរពជូនពរឯកឧត្តម មានសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ។

បន្ទាប់ពីនេះឯកឧត្តម និងគណៈប្រតិភូអមដំណ បានអញ្ជើញចុះពិនិត្យមើលនៅតាមអាគារនិងបន្ទប់នីមួយៗ ដែលអ្នកបន្សាបគ្រឿងញៀនទាំងនោះកំពុងតែអនុវត្តផ្ទាល់មានដូចជា កាត់ដេរ ,តអគ្គិសនី ,ធ្វើម៉ាស៊ីនត្រជាក់ ,ជួសជុលម៉ាស៊ីនរថយន្ត ,រៀនសាឡន ,រៀនមុខជំនាញផ្នែកកុំព្យូទ័រ និងភាសាបរទេសជាដើម។ រួចបន្តចុះត្រួតពិនិត្យ សាខាមូលនិធិជាតិជំនួយសង្គម ខេត្តបន្ទាយមានជ័យ ដែលកំពុងរៀបចំផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button