វគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤ ជូនដល់មន្ត្រី និងភាគីពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២២.២៣ ខែសីហា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានធ្វើការបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤ ជូនដល់មន្ត្រីមកពីតាមបណ្ដាស្រុក–ក្រុង និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ឡោ ប៊ុនពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត។
លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសេចក្ដីសម្រេចលេខ ០៥៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤” ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៤ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដូចបានកំណត់ក្នុងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ នឹងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព បញ្ជីបោះឆ្នោតប្រកបដោយសុវត្ថិភាពតាមរយៈ ១.ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត៖ –ដែលបានទទួលមរណភាព –ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន –ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។ ២.កាកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោតតាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ ៣.ការចុះឈ្មោះបោះឆ្នោត សំដៅលើ៖ –ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក –ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០០៦)។
ជាចុងក្រោយ លោក ហុឹល រ៉ាយ៉ា ក៏បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ណាស់ដល់ អស់លោក លោកស្រី ដើម្បីយកនូវចំណេះដឹងទាំងនេះ ធ្វើការផ្សព្វផ្សាយបន្ត ស្របតាមលិខិតបទដ្ឋាននានា ត្រូវយកមកអនុវត្តក្នុងដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤ ផងដែរ៕