គណៈបញ្ជាការឯកភាពខេត្ត ប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ចំពោះព្រះដំណើរនិមន្ត របស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនព្រះដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា–ថៃរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ «ដើម្បីទទួលបដិសណ្ឋារកិច្ច និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ចំពោះព្រះដំណើរនិមន្តទស្សនកិច្ច នៅលើទឹកដី ខេត្តប៉ៃលិន របស់ព្រះធម្មវនវាសី ចន្ទ មុនី, សូមឱ្យមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុក ដែលពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈ ក្នុងការទទួលព្រះអង្គឱ្យបានល្អ ទាំងការរៀបចំចង្ហាន់, ទីកន្លែងគង់នៅ, ការការពារសន្តិសុខសណ្តាប់ធ្នាប់, ការត្រៀមរន្តសង្រ្គោះ ជាដើម ធ្វើយ៉ាងណាឱ្យព្រះដំណើរទស្សនកិច្ចរបស់ព្រះអង្គ ប្រព្រឹត្តិទៅដោយរលូន»។
សូមជម្រាបថា៖ ព្រះធម្មវនវាសី ចន្ទ មុនី នឹងនិមន្តមកកាន់ខេត្តប៉ៃលិន នៅ ថ្ងៃទី២៥–២៦ ខែសីហា ឆ្នាំ២០២៤ ដោយនៅវេលា នៅវេលាម៉ោង ៥៖០០នាទីរសៀល ព្រះអង្គនិមន្តមកដល់ខេត្តប៉ៃលិន តាមដងផ្លូវជាតិលេខ ៥៩ និងផ្លូវជាតិលេខ ៥៧ កាត់តាមស្រុកកំរៀង ចូលមកស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ហើយព្រះអង្គគង់នៅក្នុងវត្តរតនសោណ្ឌ ហៅវត្តកោងកាង។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៦៖០០នាទីព្រឹក ព្រះអង្គឆាន់ចង្ហាន់ពេលព្រឹកនៅវត្តកោងកាង, វេលាម៉ោង ៧៖០០នាទីព្រឹក ព្រះអង្គផ្តល់ឱវាទធម្មទេសនា និងវេលាម៉ោង ៨៖០០នាទីព្រឹក ព្រះអង្គនិមន្ដពិនិត្យបង្គោលព្រំដែននៅឡាក់៦៥ ឡាក់៦៤ និងឡាក់៦៣ (ច្រកទ្វារព្រំដែនអន្តរជាតិព្រំ) រួចបន្តដំណើរទៅថ្មដា ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ដោយកាត់តាម ស្រុកសំឡូត ខេត្តបាត់ដំបង៕