ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
ប៉ៃលិន៖នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីពិនិត្យមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសការទំនាក់ទំនងធ្វើពាណិជ្ជកម្មល្អជាមួយគ្នាទៅវិញទៅមក រវាងខេត្តជាប់ព្រំដែនថៃ។
ក្នុងឱកាសព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តទស្សនកិច្ចក្នុងខេត្តប៉ៃលិន សង្កេតឃើញថា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានអញ្ជើញមកទទួលព្រះដំណើរ ក្នុងនោះមានប្រជាពលរដ្ឋ និងពុទ្ធបរិស័ទដ៏ច្រើនត្រៀបត្រា ដែលមានជំនឿលើព្រះអង្គ បាននាំគ្នាទិញទៀន ធូប ផ្កា ក្រមួន ទឹកបរិសុទ្ធ និងគ្រឿងសក្ការៈបូជានានាជាច្រើនទៀត មកអង្គុយរង់ចាំទទួលព្រះអង្គ នៅតាមផ្លូវប្រវាត់ព្រំដែន និងតាមវត្តអារាមផងដែរ៕
ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ក៏បានសម្តែងព្រះធម៌ទេសនា ដោយមានសង្ឃដីកាផ្តល់ឱវាទដល់ប្រជាពុទ្ធបរិស័ទ និង្រជាពលរដ្ឋនៅតំបន់ព្រំដែនថា៖ ការនិមន្តធ្វើដំណើរមកទស្សនកិច្ច នៅតាមបណ្តាខេត្តជាប់ព្រំដែន ថៃ ឡាវ និងវៀតណាម គឺបានបង្ហាញពីចលករមួយសម្រាប់ឱ្យយុវជន បានមកទស្សនាបន្តតាមក្រោយ ដើម្បីស្វែងយល់ពីសមិទ្ធផលបង្គោលព្រំដែន និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ នៅលើទឹកដីរបស់យើង។
ព្រះអង្គបានមានសង្ឃដីកា សំណូមពរឱ្យប្រជាពលរដ្ឋ ត្រូវមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងនឹងរួបបរួមគ្នា ដើម្បីការពារទឹកដីរបស់យើង និងសាមគ្គីគ្នា លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ព្រោះថា ពេលមានផ្លូវទៅដល់ គឺមានទឹក មានភ្លើង មានប្រជាពលរដ្ឋ ទៅដល់តាមក្រោយហើយ ដូចនេះយើងត្រូវតែនាំគ្នាកសាងឲ្យបានផ្លូវ ទុកជាមរតក ទុកជាឯកសារប្រវត្តិសាស្ត្រ សម្រាប់កូនចៅនាថ្ងៃអនាគត។
សូមបញ្ជាក់ថា៖ មួយរយៈចុងក្រោយនេះ ក្រុមប្រឆាំងបានលើកយករឿង កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍កម្ពុជា-វៀតណាម និងឡាវ (CLV-DTA) ដោយមានចេតនាបំពុលសន្តិសុខសង្គមកម្ពុជា ហើយប្រកាសប្រមូលកម្លាំងធ្វើបាតុកម្ម ដោយបង្កប់នូវយុទ្ធសាស្ត្រ រុញអោយផ្ទុះហិង្សា ហើយឈានទៅធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់៕