គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ជាង ៤សែនគ្រាប់ បម្រុងឆ្លងចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានតម្រួតថៃចាប់បាន
(បន្ទាយមានជ័យ)៖ គ្រឿងញៀនជាង៤សែនគ្រាប់ ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូលមកកម្ពុជា ត្រូវបានតម្រួតថៃចាប់បាននៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក ខេត្តស្រះកែវ ប្រទេសថៃ ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែត(កម្ពុជា)។ការចាប់គ្រឿងញៀនដែលលាក់ទុកនៅក្នុងវ៉ាលីដាក់ខោអាវ ពីសំណាក់តម្រួតថៃនេះ បានធ្វើឡើងបន្ទាប់ពីកម្មករខ្មែរដែលស៊ីឈ្នួលអូសរទេះ មានការសង្ស័យរាយការណ៍ ដើម្បីធ្វើការត្រួតពិនិត្យឆែកឆេក៏បានប្រទះឃើញនៅក្នុងវ៉ាលីចំនួន៣។
ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត–ខ្លងឡឹក បានប្រាប់្យដឹងថា៖ មុនពេលតម្រួតថៃ ឃាត់ចាប់បានគ្រឿងញៀន មានបុរសជនជាតិថៃម្នាក់ បានបើកឡានមកចតនៅចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលីចំនួន៣ រួចជនជាតិថៃម្នាក់នោះ បានប្រាប់ឲ្យជនជាតិខ្មែរដែលជាកម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ ជាវ៉ាលីរបស់ខ្លួនយកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងគោលបំណងចូលមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។នៅពេលលើកវ៉ាលីទាំងនោះដាក់លើរទេះមិនរួចធ្ងន់ពេក ក៏ហៅគ្នាមកជួយលើក ក្នុងនោះក៏មានការងឿងឆ្ងល់ហេតុអ្វីបានជាវ៉ាលីខោអាវធ្ងន់ខុសពីធម្មតា ភ្លាមនោះក៏បើកមើលឃើញកញ្ចប់សង្ស័យគ្រឿងញៀន ទើបរាយការណ៍ប្រាប់តម្រួតថៃចាប់តែម្តង ហើយក៏បានហៅកម្មករអូសរទេះទៅសួរនាំ និងរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនរហូតចំនួន៣វ៉ាលី។
ចំណែកជនជាតិថៃ ដែលជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទប់ពីនិយាយជាមួយកម្មករអូសរទេះហើយ ក៏បានដើរឆ្លងចូលមកខាងទឹកដីកម្ពុជាមុនបាត់ស្រមោលតែម្តង។ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា យ៉ាបា ឬមេតំហ្វេតាមីន ដែលឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក បម្រុងនាំចូលមកកម្ពុជានោះ មានទំងន់២០០គីឡូក្រាម មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៤០០,០០០គ្រាប់ ខណៈនេះកំពុងសួរនាំកម្មករអូសរទេះ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីតាមចាប់ខ្លួនមកអនុវត្តច្បាប់៕