ព័ត៌មានជាតិ

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯ​កសារបន្តពង្រឹង​កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណា​ចក្រកម្ពុជា និងឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង​សន្តិសុខសាធា​រណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខា​លើផែនការការងា​រស្តីពីការបន្ត​អនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិកា​រអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ បន្ទាប់ពី​ភាគីទាំងពីរ បានអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩ មក។

ពិធីចុះហត្ថលេខា បានធ្វើឡើងនៅទីក្រុងប៉េកាំង នាឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង អញ្ជើញជាសហប្រ​ធានដឹកនាំកិច្ច​ប្រជុំបូកសរុបលទ្ធផ​លការងារស​ម្រាប់ឆ្នាំនៃកិច្ច​សហប្រតិបត្តិការអនុវត្តច្បាប់ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏បានចុះហ​ត្ថលេខាលើអនុស្សរ​ណៈនៃការយោគយ​ល់គ្នាស្តីពីការបន្តដំ​ណើរការការិយា​ល័យស​ម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ផងដែរ។

ផែនការការងារស្តី​ពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត​រវាងរដ្ឋាភិ​បាល នៃប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក្នុងកិច្ចសហ​ការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

សម្រាប់ឆ្នាំ​បន្តនេះ ភាគីទាំងពីរ បានផ្ដោតលើ​ការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមា​តុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាព និងប្រសិទ្ធ​ភាពកិច្ចសហប្រតិបត្តិការ។ គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ ភាគីទាំងពីរ បានស​ហការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសតាមប្រព័ន្ធប​ច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនជាដើម។

បន្ទាប់ពីអញ្ជើញ​ជាសហប្រធានដឹកនាំកិច្ចប្រជុំ និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង បានបន្តជួប​ពិភាក្សាទ្វេភាគី​បន្ថែមទៀត។ ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរ និងវាយត​ម្លៃខ្ពស់​ចំពោះកិច្ចសហការនានា ដែលភាគីចិន បាននិងកំពុងជួយកម្ពុជាលើវិស័យសន្តិសុខ ទាំងការផ្តល់​សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួ​ញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម។

ជាការឆ្លើយតប ឯកឧត្តម វ៉ាង ស៊ាវហុង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច​សហប្រតិបត្តិកា​ររវាងភាគីទាំងពីរ នាពេលកន្លងមក ព្រមទាំងបានបង្ហាញ​ក្ដីសង្ឃឹមជឿជាក់ខ្ពស់ថា នៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា កិច្ចសហប្រតិបត្តិការអនុវត្តច្បា​ប់រវាងក្រសួងមហា​ផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នឹងកាន់តែមានភាពរីកចម្រើនជាផ្លែផ្កា។ ឯកឧត្តម ក៏បានបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត នូវការបន្តគាំទ្រ និងផ្តល់ជំនួយទាំងផ្នែកពង្រឹងសមត្ថភាព និងសម្ភារៈផ្សេងៗផងដែរ។

ទន្ទឹមនឹងការផ្លាស់ប្ដូរ​យោបល់គ្នាលើប្រធានបទសំខាន់ៗមួយចំនួន ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់នូវអំណរសាទរចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចទាំងពីរលើក របស់សម្តេចធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកកាន់ប្រទេសចិន កាលពីឆ្នាំ២០២៣ ជាពិសេសកា​រឯក​ភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដោយបានចុះហត្ថលេខាលើផែនកា​រសកម្មភា​ពនៃការកសាងសហគមន៍វាសនារួម កម្ពុជាចិន ក្នុងយុគសម័យថ្មី សម្រាប់ឆ្នាំ២០២៤២០២៨។

ក្នុងបរិយាកាសប្រកបដោយមិត្តភាព ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិ​កក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខ សាធារណៈចិន បាន​អញ្ជើញឯក​ឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងគណ​ប្រតិភូកម្ពុជា ពិសាអាហារនៅសណ្ឋាគារយួយអាន ទីក្រុងប៉េកាំង ដោយមានការថ្លែងសុន្ទរកថា និងកិច្ចពិភាក្សាបន្ថែមប្រកបដោយភាតររវាងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នៃភាគីទាំងពីរផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាននិងកំពុងបំពេញ​ទស្សនកិច្ចការងារ​នៅសាធា​រណរដ្ឋប្រ​ជាមានិតចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ស៊ាវហុង និងទទួលបានការអនុញ្ញា​តដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្រ្តី។ ទស្សនកិច្ចនឹងបន្តដល់ថ្ងៃទី៧ ខែកញ្ញា ដោយឯកឧត្តម​អភិ​សន្តិបណ្ឌិត នឹងដឹកនាំគណៈប្រតិភូទស្សនកិច្ចមជ្ឈមណ្ឌលទិន្នន័យធំ ខេត្តគួយចូវ ការិយាល័​យអ​នុវត្ត​ច្បាប់នៃមន្ទីរសន្តិសុខសាធារណៈគ័នសានហ៊ូ និងជួបសំណេះសំណាលជាមួ​យថ្នាក់ដឹកនាំ​ខេត្តគួយចូវ មុនអញ្ជើញមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button