អាវុធហត្ថ បញ្ជូនខ្លួនជនជាតិខ្មែរ-ថៃ ចំនួន៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីីគ្រឿងញៀន
(បន្ទាយមានជ័យ )៖ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីសន្តិសុខថា មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០១ និង៣០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់
១.ឈ្មោះ ថាណាផន ថងខាំ ហៅ នីវ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិថៃ
២–ឈ្មោះ សុវ៉ាត់ ណាក់កងឌី ហៅ ប៊យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ
៣–ឈ្មោះ សេង ភ័ក្រ ហៅ ក្តី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ
៤–ឈ្មោះ ខៀវ ខាវ ៅ ប៊ួខាវ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៧ថង់កិប ស្មើនឹង ៧០គ្រាប់ ទម្ងន់ ៨,០៧ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០២គ្រឿង, កាបូបស្ពាយ ចំនួន០១ រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕