ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង
(ខេត្តស្វាយរៀង)៖ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ។ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវដល់ប្រជាពលរដ្ឋ បែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា វត្តកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ក៏បានសុំឲ្យសមាជិកបក្សយើង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ។
ទន្ទឹមនោះដែរនាយឧត្តមសេនីយ៍ បានថ្លែងផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុករមាសហែក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចូលរួមពិនិត្យនៅមូលដ្ឋានដើម្បីបង្ការ ទប់ស្កាត់ករណីគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានល្អប្រសើរ ផងដែរ ៕