ជនសង្ស័យ ២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងក្រុងសិរីសោភ័ណ ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ ) មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងក្រុងសិរីសោភ័ណ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបាន ២នាក់ ១–ឈ្មោះ រឿន សុភ័ត្រ្តា ភេទប្រុស អាយុ២២ឆ្នាំ , ២–ឈ្មោះ អ៊ឹម សុខៀង ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងប្រតិបត្តិការ នោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនម៉្សៅក្រាមពណ៌សថ្លាចំនួន ០៤កូនថង់កិប ទម្ងន់៧,៧៥ក្រាម, ម៉ូតូចំនួន ០១គ្រឿង ម៉ាក SUSAKI SMASH V ពណ៌ស ផ្លាកលេខ 1G-1567 , ទូរស័ព្ទ ចំនួន០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,សម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕