កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់សារធាតុញៀន
(បន្ទាយមានជ័យ )៖ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ផាត់ បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្ដីពីករណីបាត់អាគុយរថយន្ត កាលពីវេលាម៉ោង០១និង៣០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ និងយោងតាមការពិនិត្យកាំមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលលួចដោះយកអាគុយចេញពីរថយន្តម៉ាកHYUNDAI ពណ៌ស ដែលចតទុកខាងមុខផ្ទះ។នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប៉ែន សាវុធ ភេទប្រុស អាយុ៣៧ឆ្នាំ រួមាំងត្ថុតាងយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+)។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចអាគុយរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន ដោយលក់បានមត្លៃ២ម៉ឺនរៀល ហើយយកលុយទិញគ្រឿងញៀនមកប្រេីប្រាស់។ ហេីយខ្លួនក៏ធ្លាប់ជាប់មណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ចំនួន០២លើករួចមកហើយដែរ។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាង អាគុយរថយន្ត ត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយ៕