សម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន០៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក
(បន្ទាយមានជ័យ)៖ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន០៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ខេត្ត។
លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានអានរបាយការស្វាគមន៍ និងរាយការជូនអំពីលទ្ធផលការងារដែលរដ្ឋបាលស្រុកបាន ផ្តល់សេវាសាធារណ:ជូនពលរដ្ឋកន្លងមក ការងារអភិវឌ្ឍន៍ មូលដ្ឋាន ការដោះស្រាយគ្រោះធម្មជាតិផ្សេងការងារដាំដុះ/កសិកម្ម ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និង ការដោះស្រាយបញ្ហាប្រឈមនានា។ ឆ្លើយតបសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ អាជ្ញាធរបានសម្រេចធ្វើផ្លូវជូនប្រជាពករដ្ឋចំនួន៥ខ្សែ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការកសាងប្រព័ន្ធគមនាគមន៍ គឺជាបង្កើតសសៃឈាមសេដ្ឋកិច្ចសម្រាប់ វិស័យដឹកជញ្ជូនពហុមធ្យោបាយ តភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងអភិវឌ្ឍរបៀងសេដ្ឋកិច្ចគន្លឹះឲ្យកាន់តែមានលក្ខណៈងាយស្រួលនិងប្រកួតប្រជែង ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍ប្រជាពលរដ្ឋ។
ដូចនេះការបើកការដ្ឋាន កសាងផ្លូវបេតុងចំនួន៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ នៅស្រុកភ្នំស្រុកនៅព្រឹកនេះ នឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលនានារបស់ខេត្តបន្ទាយមានជ័យ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមូលដ្ឋាន បង្កើនល្បើនក្នុងការធ្វើដំណើរ ដឹកជញ្ជូន និងបានតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចនានា។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមបោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឲ្យបានគ្រប់គ្នា និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ ដែលកំពុងបំលែងខ្លួនថ្មី៕